រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំផ្សារទឹក និងការជិះទូកកម្សាន្ត ជំនួសដោយការរៀបចំពិធីបុណ្យអុំទូក
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តនឹងមិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះឡើយ តែនឹងមានការរៀបចំកម្មវិធីផ្សេងៗ ដើម្បីបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន ផ្សារទឹក និងការជិះទូកកម្សាន្ត តាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសាលាខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តបំពេញភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានក្រើនរំឭកពីសារៈសំខាន់នៃការគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងការរក្សាទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពនានា ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានសម្ដែងការកោតសរសើរដល់មន្ត្រី និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារយ៉ាងនឿយហត់អស់រយៈពេលមួយឆ្នាំកន្លងមក រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេស កិច្ចសហការល្អក្នុងការគ្រប់គ្រង និងផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភជានិមិត្តរូបដល់ទីចាត់ការ និងអង្គភាពទាំង៦ ព្រមទាំងតំណាងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកផងដែរ៕