Close

ដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗ ចំនួន ៧

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗ ចំនួន ៧ ដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗ ចំនួន ៧

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។

ទីតាំងទាំង ៧ នោះរួមមាន ផ្លូវជាតិលេខ ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ, ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល, ផ្លូវលេខ២០១១ ផ្លូវឧកញ៉ា ទ្រី ហេង ខាងមុខផ្សារទំនើប ឡាក់គី ឈូកមាស, ផ្លូវជាតិលេខ៥ ខាងមុខវត្តទេពប្រណំ ជិតដល់ចំណុចប្រសប់ផ្លូវ៥១, ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ជិតដល់ផ្លូវបំបែករូបសំណាក់ផ្តិល និងផ្លូវជាតិលេខ៦ ជិតវត្តគៀនឃ្លាំង។

ដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងផ្ទាំងផ្សព្វផ្សាយទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលទើបមកពីថៃក្នុងការរកការងារធ្វើ ឬសិក្សាជំនាញបន្ថែម។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា៖ “ការដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋខ្មែរដែលចង់ស្វែងរកការងារធ្វើនោះទេ តែវាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរក្នុងការចុះឈ្មោះចូលធ្វើការ ឬចុះឈ្មោះរៀនជំនាញ ដោយគ្រាន់តែស្កេនកូដ QR នៅលើផ្ទាំងផ្សព្វផ្សាយទាំងនោះ ដើម្បីចុះឈ្មោះជាការស្រេច”។

បន្ថែមពីនេះ លោក ស៊ុន មេសា ក៏សូមអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបដែលចង់រកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ឬស្កេនកូដ QR រកការងារ ដែលអាចរកបាននៅក្នុងបណ្តាញសង្គមរបស់ក្រសួងការងារ និង NEA ដើម្បីចុះឈ្មោះចូលធ្វើការឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងទីស្នាក់ការប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាសសម្រាប់ការចូលបំពេញការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ ក្រសួងការងារបានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋខ្មែរផងដែរ៕

ដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧