អ្នកជំនាញ៖ ទោះមានបញ្ហានៅព្រំដែន សេវាកម្មវិស័យទេសចរណ៍នៅខេត្តសៀមរាប នៅតែមានដំណើការល្អ
សៀមរាប៖ ទោះមកដល់បច្ចុប្បន្នបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅមិនទាន់បញ្ចប់ក្តី តែកត្តានេះមិនមានផលប៉ះពាល់ឡើយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាពិសេសសេវាកម្មវិស័យទេសចរណ៍ ខណៈភ្ញៀវទេសចរបរទេសពួកគាត់ជឿជាក់ពីសុវត្ថិភាពនៅកម្ពុជា។ នេះ បើតាមអ្នកបើតាមអ្នកជំនាញ។
លោក ជ្រុន គឹមសេង ប្រធានសមាគមទេសមគ្គុទេសក៍ទេសចរណ៍កម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា បច្ចុប្បន្នវិស័យសេវាកម្មទេសចរណ៍នៅក្នុងខេត្ដសៀមរាប បានដំណើរការជាធម្មតា បម្រើដល់អ្នកទេសចរជាតិ និងអន្ដរជាតិ។
លោកបន្តថា ភ្ញៀវទេសចរអន្ដរជាតិមកកម្ពុជា ភាគច្រើនគឺមកទស្សនាប្រាសាទអង្គរវត្ត ដែលពួកគាត់ឆ្លងដែនចេញពីប្រទេសថៃ ចូលតាមប្រទេសឡាវ និងវៀតណាម រួចហើយមកដល់ប្រទេសកម្ពុជា។ ជាទូទៅភ្ញៀវទេសចរណ៍ បង្ហាញភាពជឿជាក់លើប្រមុខដឹកនាំកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែននៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរបរទេសមានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។
លោកពន្យល់ថា ការរក្សាបាននូវកំណើនភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និងសេវាកម្មរបស់យើងជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។
ភ្ញៀវទេសចរជនជាតិអ៉ីតាលីជាច្រើនរូបដែលមកលេងកម្សាន្តខេត្តសៀមរាបបានលើកឡើងថា ពួកគាត់បានទទួលព័ត៌មានពីមិត្តភក្តិពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែពួកគាត់មិនមានការភ័យខ្លាចនោះទេ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីសុខសុវត្ថិភាពរួចហើយ ហើយជម្លោះនោះក៏នៅឆ្ងាយពីតំបន់ទេសចរណ៍អង្គរ ជាពិសេសពួកគាត់ជឿជាក់លើសុវត្ថិភាពនៅកម្ពុជា។ ពួកគាត់ថា បញ្ហាជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលប្រទេសទាំង២ គួរតែបញ្ចប់ ព្រោះសង្គ្រាមមិនអាចធ្វើឱ្យប្រជាជនមានក្ដីសុខនោះឡើយ។
យោងរបាយការណ៍គ្រឹះស្ថានអង្គរ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ននេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ ចំនួន ៥១ ០៩៨នាក់ ផ្ដល់ចំណូលថវិកា ២ ៣២៧ ១៨៦ដុល្លារ។ អ្នកទេសចរនៅលំដាប់លេខ១ គឺភ្ញៀវទេសចរចិន រួមនឹងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង៕