៣ថ្ងៃ ក្មេងទំនើង និងអ្នកងប់ល្បែងជិត ៣០នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនតុលាការ
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តបង្រ្កាបក្រុមក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនមនុស្សជាង១០នាក់ ខណៈករណីល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបាន៤ទីតាំង និងឃាត់ខ្លួនមនុស្ស២២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់នោះទៅតុលាការ ខណៈអ្នកងប់ល្បែង៤នាក់ ត្រូវសមត្ថកិច្ចអនុវត្តវិការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ប៉ុន្តែ១៨នាក់ទៀតបានបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងខុសច្បាប់ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត តាកែវ ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរនិងកម្លាំងនគរបានមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយគ្មានដោយគ្មានដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បីស៊ីសងខុសច្បាប់ និងក្មេងទំនើង៕ដោយលោក សេង បូលីន