អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរ ១៥ នាក់ដែលលួចឆ្លងដែនចូលខេត្តស្រះកែវ
បាងកក៖ កាលពីថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចថៃបានចាប់ខ្លួនពលករខ្មែរចំនួន ១៥ នាក់ រួមទាំងក្មេងស្រីអាយុ ២ ឆ្នាំ ម្នាក់ផងដែរ ពីបទលួចឆ្លងដែនចូលខេត្តស្រះកែវ (Sa Kaeo) តាមច្រកអារញ្ញប្រទេស (Aranyaprathet)។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែកក្កដានេះ។
ប្រភពដដែលបន្តថា ជនជាតិខ្មែរទាំងនេះ ភាគច្រើនជាអតីតកម្មករនៅផ្សាររុងក្លឿ (Rong Kluea Market) ដែលត្រូវបានគេរាយការណ៍ថាបានត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ។
បើតាមសេចក្តីរាយការណ៍ដដែល ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រឈមនឹងការខ្វះខាតការងារ និងប្រាក់ចំណូលនៅក្នុងប្រទេសកម្ពុជា ពួកគេបានបង់ប្រាក់ឲ្យមេខ្យល់ ៤,០០០ បាត ក្នុងម្នាក់ ដើម្បីលួចឆ្លងដែនត្រឡប់មកប្រទេសថៃវិញ។
ពួកគេត្រូវបានចាប់ខ្លួនដោយមន្ត្រីនៃកងកម្លាំងពិសេសប៊ូរ៉ាហ្វា (Burapha Task Force) និងកងកម្លាំងសន្តិសុខនៅក្នុងស្រុកអារញ្ញប្រទេស។
ពលរដ្ឋខ្មែរទាំំង ១៥ នាក់ កំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ក្រោមច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ៕