Close

មន្ត្រីព្រឹទ្ធសភា៖ សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេ

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីព្រឹទ្ធសភា៖ សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេ មន្ត្រីព្រឹទ្ធសភា៖ សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេ

លោក បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ថ្លែងថា សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា ដែលនឹងឈានទៅផ្លាស់ប្តូរពីប្រទេសនាំចូលគ្រាប់កាហ្វេ ជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង។

លោក បណ្ឌិត ធន់ វឌ្ឍនា ថ្លែងបែបនេះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគ្រាដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមកាហ្វេកម្ពុជា (Cambodia Coffee Association) ដឹកនាំដោយលោក ឌុក ពិសិដ្ឋ ចូលជួបសម្តែងការគួរសម និងគោរពសុំការណែនាំ និងទស្សនវិស័យអំពីអនាគតនៃឧស្សាហកម្មកាហ្វេនៅកម្ពុជា។

លោកធន់ វឌ្ឍនា ថ្លែងថា «សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា ដែលនឹងឈានទៅផ្លាស់ប្តូរពីប្រទេសនាំចូលគ្រាប់កាហ្វេ ជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង។ ឯកឧត្តមបណ្ឌិត បានផ្តល់ជាទស្សនវិស័យដល់សមាគមកាហ្វេ ត្រូវធ្វើយ៉ាងណាពង្រឹងផលិតផលខ្មែរតាមរយៈគុណភាព មានតម្លៃសមរម្យ និងត្រូវជំរុញការដាំដុះ និងការចែកចាយ»។

មន្ត្រីព្រឹទ្ធសភា៖ សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេក

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងពីនិន្នាការទីផ្សារកាហ្វេពិភពលោក ដោយបង្ហាញពីការកើនឡើងនៃតម្រូវការកាហ្វេពិសេស ដែលកម្ពុជាអាចទាញយកបាន។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថាសភា និងរដ្ឋាភិបាល តែងជួយកសិករ ក៏ដូចជាសហគ្រិនខ្មែរ តាមរយៈគោលនយោបាយគាំទ្រ និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា។

លោកបានបន្តថា ការប្រមូលផ្តុំម្ចាស់ធុរកិច្ច ក្នុងវិស័យឧស្សាហកម្មកាហ្វេ ប្រាកដជាលើកកម្ពស់កាហ្វេកម្ពុជានៅលើឆាកអន្តរជាតិ។

សមាគមកាហ្វេកម្ពុជា CCA ដែលទើបត្រូវបានបង្កើត កាលពីខែមិថុនា កន្លងទៅនេះ មានសមាជិកចំនួន ១៧ រូប តំណាងឱ្យធុរកិច្ចចំនួន ១៧ រួមមានម្ចាស់ហាងកាហ្វេ កសិករដាំដុះកាហ្វេ អ្នកប្រើប្រាស់កាហ្វេ ម្ចាស់អាជីវកម្មផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេគ្រប់ប្រភេទ អ្នកស្រាវជ្រាវ និងអ្នកផ្តល់សេវាកម្មដាំដុះ។

កិច្ចប្រជុំផ្តោតលើការជួយប្រជាកសិករដែលដាំកាហ្វេ ទាំងផ្នែកបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី និងរហូតដល់ការស្វែងរកទីផ្សារ។ សមាគមកាហ្វេកម្ពុជា នឹងជួយពង្រឹងដល់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រីកលទ្ធភាពទទួលបានទីផ្សារអន្តរជាតិ និងការលើកកម្ពស់ម៉ាកយីហោក្នុងស្រុក៕

មន្ត្រីព្រឹទ្ធសភា៖ សមាគមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេក