Close

លោក ហែម វណ្ណឌី ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:16 am ព័ត៌មានជាតិ
លោក ហែម វណ្ណឌី ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni លោក ហែម វណ្ណឌី ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni

ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni ដើម្បីរួមចំណែកគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការស្វាគមន៍របស់លោក ហែម វណ្ឌីនេះ ធ្វើឡើងក្នុងពេលទទួលជួបគណៈប្រតិភូសាជីវកម្ម Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងបានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) — ការសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។

លោក ហែម វណ្ណឌី ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន Marubeni បានជម្រាបជូនអំពីប្រតិបត្តិការសាកលរបស់ខ្លួនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។

ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។

លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជម្រាបជូនថា រាជរដ្ឋាភិបាលបើកចំហចំពោះការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច។

លោក បានលើកឡើងថា៖ “ការវិនិយោគក្នុងវិស័យទឹកស្អាត ទោះបីមិនផ្តល់ប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស គឺជាការវិនិយោគមួយដែលមានសុវត្ថិភាព ហើយសេវាសាធារណៈនេះមានសារៈសំខាន់ខ្លាំងសម្រាប់សង្គមជាតិ។”

លោក ហែម វណ្ណឌី ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni

លោកបានបន្ថែមថា៖ “តំបន់ជនបទនាពេលបច្ចុប្បន្នអាចនឹងមិនមែនជាតំបន់ជនបទរហូតទេ។ យើងរំពឹងថានឹងតភ្ជាប់បណ្តាញទឹកស្អាតកម្រិតគ្រួសារកាន់តែច្រើន ហើយយើងមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការពង្រីកតួនាទីរបស់រដ្ឋាករទឹក បន្ថែមពីការគ្របដណ្តប់តែនៅតំបន់ទីក្រុង។”

លោក រដ្ឋមន្ត្រីបានជម្រាបជូនអំពីកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា ដែលរួមមានការលើកទឹកចិត្តឱ្យមានការរួមបញ្ជូលគ្នា ការកែលម្អសេវានិងគុណភាព និងការពង្រីកតំបន់គ្របណ្តប់។

លោក ក៏បានលើកទឹកចិត្តក្រុមហ៊ុន Marubeni ឱ្យធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត ទន្ទឹមនឹងនោះ ស្វែងរកគំរូអាជីវកម្មដែលមានភាពបត់បែន រួមទាំងការលក់ដុំទឹកឱ្យរដ្ឋាករទឹក ដោយក្រុមហ៊ុនអាចវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។

Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។

នៅក្នុងវិស័យផ្គត់ផ្គង់ទឹក Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕