អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅ។
នេះបើតាយោងសេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ ឱ្យដឹងថា
សេចក្តីថ្លែងការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្រាប់ការចេញផ្សាយបន្ទាន់ បន្ថែមថា លោក ទ្រី ស៊ីថេង មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។
បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណានឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ដើម្បីជួយរកដំណោះស្រាយ។ នេះ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ ។
ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំបានណាត់គាត់នៅព្រឹកនេះ តែគាត់រវល់នៅកំពង់ស្ពឺ ទើបគាត់សុំលើកទៅថ្ងៃស្អែក»។
សូមបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក ទ្រី ស៊ីថេង ជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចចិត្តលាឈប់ពីការងារជាហ្មថែទាំដំរី ឡាក់គី បន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អស់រយៈពេលជិត ៣ទសវត្សកន្លងមក។
បើតាមក្រសួងកសិកម្ម ការលាឈប់របស់លោក ទ្រី ស៊ីថេង គឺជារឿងផ្ទៃក្នុងរវាងលោក និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃសុទ្ធសាធ ដោយពុំជាប់ពាក់ព័ន្ធនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ទេដែរ។
«ឡាក់គី» និងដំរី ៧ក្បាលទៀត នៅឧទ្យានភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង ចិញ្ចឹម មើលថែ ដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វត្តមានរបស់លោក ទ្រី ស៊ីថេង នៅក្នុងជីវិតរបស់ ឡាក់គី កើតឡើងតាមរយៈកិច្ចសហការរបស់ក្រសួង ជាមួយអង្គការដៃគូ។
ដំរីនីមួយៗនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ពុំមែនទទួលបានការមើលថែពី ហ្ម តែម្នាក់នោះទេ។ ដំរីមួយ មានហ្មដំរីមើលថែពី ២ ទៅ ៣នាក់ ដោយក្ដីស្រឡាញ់ ដោយការថ្នមថ្នាក់ ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត៕