ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំនេះ រំពឹងមានអ្នកចូលរួម ៥ពាន់នាក់
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ ចំនួនអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំនេះ មានអ្នកចុះឈ្មោះប្រមាណ ៣ពាន់នាក់ហើយ ស្មើនឹង ៥៧ជាតិសាសន៍ ប៉ុន្ដែទម្រាំដល់ថ្ងៃរត់ផ្លូវការ អាចមានកំណើនដល់ ៤០០០ទៅ ៥០០០នាក់ ខណៈឆ្នាំ២០២៤ មានអ្នកចូលរួមត្រឹមតែ២៨០០នាក់ប៉ុណ្ណោះ។
បើតាមឯកឧត្តម វ៉ាត់ ចំរើន វិញ្ញាសា៤២គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥ ទទួលបានអ្នកចុះឈ្មោះជាជនជាតិខ្មែរ ដល់ទៅប្រមាណ ៥០០ ទៅ ៦០០នាក់ ពោលច្រើនជាងជនជាតិផ្សេងៗទៅទៀត ខណៈបរទេសមានត្រឹមខ្ទង់ ២០០នាក់។
ឯកឧត្តម អគ្គលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា វត្តមានដ៏ច្រើនពីអ្នកនិយមកីឡារត់ជនជាតិខ្មែរលើវិញ្ញាសា full marathon បែបនេះ បានបង្ហាញពីសុខភាពបេះដូងដ៏ល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាចំណង់ចំណូលចិត្តកាន់តែកើនឡើងលើការរត់ផ្លូវឆ្ងាយ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា សម្រាប់ចំនួនអ្នកចុះឈ្មោះចូលរួមទាំងអស់ ជនជាតិខ្មែរ មានចំនួនច្រើនជាងជនជាតិផ្សេងៗទៅទៀត ខណៈ ជនជាតិចិន ជាអ្នកនាំមុខគេក្នុងនាមអ្នករត់ជាជនបរទេស តាមពីក្រោយដោយជនជាតិជប៉ុន ម៉ាឡេស៊ី ចិនតៃប៉ិ និង ចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែសីហា ក្នុងខេត្តសៀមរាប។ គោលបំណងសំខាន់នៃការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ គឺជួយជំរុញសន្ទុះទេសចរណ៍អំឡុង រដូវវស្សា ឬ Green Season ដែលមិនសូវសម្បូរភ្ញៀវទេសចរ៕