កុំភ្លេចទៅញាំប៊ូហ្វេហ្វេសទុរេននៅខេត្តបាត់ដំបង ក្នុង «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងចុងខែនេះ»
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥និងមានព្រឹត្តិការណ៍អម គឺ ប៊ូហ្វេទុរេនបាត់ដំបង ។ នេះ បើតាមលោក សុខ លូ អភិបាលខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងមានការតាំងលក់ លើផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះ ស្នាដៃអ្នកបាត់ដំបង រួមជាមួយនឹង ស្តង់លក់ ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ (ស្រុកសំឡូត) ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈេីក្នុងខេត្ត ដែលបងប្អូនអាចទិញយកទៅបរិភោគ ផ្ញើបងប្អូន ចាប់ពីរសៀល ថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៣ខែកក្កដា ឆ្នាំ២០២៥(រយៈពេល៧ថ្ងៃ) នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ អោយបានច្រើនកុះករ ។
ជាមួយគ្នានេះរដ្ឋបាលខេត្ត នឹងរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការរៀបចំនៅក្នុងរោងម៉ាសុីនត្រជាក់ ដោយបន្ថែមផ្លែឈេីផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ សំឡូត និង ជូនទឹកសុទ្ធដោយមិនគិតថ្លៃ ។ សម្រាប់ទុរេននិងបកផ្ទាល់ដោយម្ចាស់ចម្ការ៕