កីឡាករ និងគ្រូបង្វឹក បារម្ភអំពីអាកាសធាតុក្តៅ នៅ FIFA Club World Cup
ទាំងកីឡាករ និងគ្រូបង្វឹកជាច្រើន បានសម្តែងការព្រួយបារម្ភ អំពីលក្ខខណ្ឌអាកាសធាតុដ៏ក្តៅ ក្នុងព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលប្រព្រឹត្តឡើង នៅសហរដ្ឋអាមេរិក។
ជាក់ស្ដែង កីឡាករកីឡាករចំណូលថ្មី របស់ Man City ដែលមានតម្លៃខ្លួនផ្ទេរ ៨០ លានដុល្លារ Tijjani Reijnders បានសារភាពថា វាពិតជាពិបាកណាស់ ជាមួយលក្ខខណ្ឌអាកាសធាតុនៅអាមេរិក។ កីឡាករ Tijjani Reijnders បាននិយាយថា ៖« វាពិតពិបាកណាស់។ មានក្រុមខ្លាំងៗជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ ហើយអាកាសធាតុក៏ក្តៅខ្លាំងទៀត»។
នៅក្នុងការប្រកួតពូល G Man City នឹងត្រូវជួបជាមួយ Wydad AC (ម៉ារ៉ុក) នៅឯកីឡដ្ឋាន Lincoln Financial Field ក្នុងទីក្រុង Philadelphia នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅវេលាថ្ងៃត្រង់ ម៉ោង ១១យប់ ម៉ោងនៅកម្ពុជា ជាពេលដែលសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងឡើងលើស ៣០អង្សារ។
ដើម្បីសម្របខ្លួន និងរៀបចំឱ្យបានល្អបំផុត គ្រូបង្វឹកលោក Pep Guardiola បានរៀបចំវគ្គហ្វឹកហ្វឺនរយៈពេលវែង ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ក្នុងទីក្រុង Boca Raton រដ្ឋ Florida ជាកន្លែងដែលពួកគេឈរជើងអំឡុងពេលការប្រកួត Club World Cup ។ កាលពីថ្ងៃទី ១៤ ខែមិថុនា Man City បានធ្វើការហ្វឹកហាត់រយៈពេលជិត ២ម៉ោង ជាមួយនឹងសីតុណ្ហភាពលើសពី ៣២អង្សារ។
កាលពីថ្ងៃទី ១៥ ខែមិថុនា ជំនួបរវាង ក្រុម Atletico Madrid ជាមួយ PSG នៅ Rose Bowl ក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា មានសីតុណ្ហភាព ៣២អង្សារ។ ខ្សែបម្រើ Marcos Llorente របស់ Atletico បាននិយាយបន្ទាប់ពីការប្រកួតថា ៖«វាមិនអាចទ្រាំទ្របាន។ វាពិតជាក្តៅមិនគួរឱ្យជឿ»។
ជាមួយគ្នានេះ លោក Luis Enrique គ្រូបង្វឹក PSG បានយល់ស្របដោយនិយាយថា ការចាប់ផ្តើមពេលថ្ងៃត្រង់ បានប៉ះពាល់ដល់គុណភាពនៃការលេង។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា៖ «ការប្រកួតនេះ ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយកម្តៅ។ វាជាពេលវេលាដ៏ល្អ សម្រាប់អ្នកគាំទ្រអឺរ៉ុប ប៉ុន្តែក្រុមកីឡាករកំពុងរងទុក្ខ»។
យោងតាមបទប្បញ្ញត្តិរបស់ FIFA កីឡាករទាំងអស់ នឹងមានការសម្រាកត្រជាក់(Cooling Break) ដើម្បីផឹកទឹកម្តងក្នុងអំឡុងពេលពាក់កណ្តាលតង់នីមួយៗ ប្រសិនបើសីតុណ្ហភាពនៅលើទីលាន លើសពី ៣២អង្សារ៕