Close

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមទៀតបានទទួលមរណភាព

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមទៀតបានទទួលមរណភាព គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមទៀតបានទទួលមរណភាព

ភ្នំពេញ៖ រកឃើញសពពលករខ្មែរចំនួន ២រូប បន្ថែមទៀត ដែលបានស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនាទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ដែលសពប្តីមានឈ្មោះថា សាន់ សឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមទៀតបានទទួលមរណភាព

លោកបញ្ជាក់ថា ៖ “ សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ណាស់ចំពោះគ្រោះរញ្ជួយដីដែលកើតនៅប្រទេសថៃ ហើយក្រុមការងារអនុព័ន្ធការងាររបស់ក្រសួងបានទៅដល់ទីតាំង និងបន្តតាមដានឥតដាច់ឡើយរួមទាំងការបន្តសម្របសម្រួលផ្សេងៗដូចជាឯកសារ និងតម្រូវការចាំបាច់ផ្សេងៗសម្រាប់ជួយពលកររបស់យើង”។

លោកបន្តថា៖ “ក្រៅពីការជួយសម្រួលរៀបចំឯកសារដើម្បយយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ការបន្តតាមដានលើសំណងចំពោះគ្រួសារសព ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ដើម្បីជួយដល់បងប្អូនរងគ្រោះក្នុងនាមអាណាព្យាបាល”។

គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៤រូបបានស្លាប់ ខណៈពលរដ្ឋចំនួន២រូបផ្សេងទៀត បានរងរបួស។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន និងបានផ្ដល់ការគាំពារទាន់ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយធម្មជាតិនេះយ៉ាងយកចិត្តទុកដាក់បំផុត៕

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមទៀតបានទទួលមរណភាព