Close

រោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន ២ សង់នៅខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
រោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន ២ សង់នៅខេត្តព្រះសីហនុ រោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន ២ សង់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា របស់ក្រុមហ៊ុន អាលូវុលថេក អ៊ិនដាសស្មៀល ឯ.ក និងគម្រោងបង្កើតរោងចក្រកែច្នៃ អាលុយមីញ៉ូម របស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ទទួលបានការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុឱ្យសាងសង់ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅ
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើ គម្រោងវិនយោគទាំងពីរខាងលើ។

រោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន២ សង់នៅខេត្តព្រះសីហនុ

ការអនុវត្តគម្រោងទាំង២នេះត្រូវបានរំពឹងថានឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន, និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរង បានណែនាំឱ្យម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន និងសង្គមមកនៅត្រឹមកម្រិតអប្បបរមា និងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។

ដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយមន្ទីរ-អង្គភាពដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ។

ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងមន្ទីរ-អង្គភាព និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ និងមានផលប៉ះពាល់តិចតួចបំផុត៕

រោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន២ សង់នៅខេត្តព្រះសីហនុ