IFC ប្រកាន់ជំហរបន្តវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានប្រកាសពីជំហរ និងប្តេជ្ញាចិត្តរបស់ខ្លួន បន្តវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។
លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា លើកឡើងបែបនេះ ក្នុងពេលលោកស្រី ដឹកនាំសហការរីចូលជួបពិភាក្សាការងារជាមួយ លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
បើតាមធនាគារជាតិនៃកម្ពុជា គោលបំណងនៃជំនួបនេះគឺដើម្បីឱ្យក្រុមការងារ IFC ប្រចាំកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពការងារកន្លងមកទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។
បន្ថែមលើនេះ លោកស្រី Towfigua ក៏បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងបានជម្រាបជូនពីការតាំងចិត្តរបស់ IFC ក្នុងការបន្តវិនិយោគនៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនចូលរួមក្នុងកិច្ចសហការនានា ជាមួយភាគីពាក់ព័ន្ធ។
លោកស្រីក៏បានរំលេចពីការទទួលបានអនុសាសន៍ណែនាំមួយចំនួនសម្រាប់ឱ្យ IFC ធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏មានការបញ្ជាក់ឱ្យបន្តការប្រើប្រាស់ធនធានរបស់ IFC ក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ។
ជាការឆ្លើយតប លោកស្រី ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការតាំងចិត្តរបស់ IFC ក្នុងការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
បន្ថែមលើនេះ លោកស្រីក៏បានរំលេចពីគោលដៅរួមក្នុងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ ព្រមទាំងពង្រឹងការត្រួតពិនិត្យនានាពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន៕