ក្រុមហ៊ុនយក្សពីរនៅកម្ពុជា ចុះ MOU ជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្តិ ក្រុមហ៊ន រ៉ូយ៉ាល់ គ្រុប, លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ របស់រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ជីប ម៉ុង នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
គោលបំណងសំខាន់នៃ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមាន ការលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃធុរកិច្ច, ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតឱកាសការងារ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា “នៅពេលដែលយើងចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ យើងនៅតែផ្តោតលើបេសកកម្មរបស់យើងដើម្បីជំរុញការរីកចម្រើន បង្កើតឱកាស និងរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់របស់កម្ពុជា។”
តាមរយៈការរួមបញ្ចូលគ្នារវាងភាពខ្លាំង ជំនាញ និងចក្ខុវិស័យ រ៉ូយ៉ាល់គ្រុប និង ជីប ម៉ុង កំពុងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី ឧត្តមភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលជាជំហានដ៏សំខាន់ក្នុងការវិនិយោគក្នុងការរីកចម្រើនរបស់ប្រទេស។
គំនិតផ្តួចផ្តើមសហការនេះស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕