Close

រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:27 am ព័ត៌មានជាតិ
រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤ រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤

កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) សម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។

នៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ បានសរសេថា «អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ »។

រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤

បើតាមប្រភពដដែល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។

តបតាមប្រសាសន៍ណែនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្ត លើភ្នំខ្នងផ្សា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់លើងំបន់ខ្នងភ្នំខ្នងផ្សា ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។

រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤

ស្របតាមគោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។

ក្រុមការងារពិសេសបាន សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សាខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។
-សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ។
-សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។

គម្រោងអភិវឌ្ឍន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤

សូមបញ្ជាក់ ថា ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សា ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត៕

រដ្ឋាភិបាលសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុន៤