Close

គ្រូបង្គោល ឃីម បូរី ៖ «ឱកាសស្ដួចស្ដើងឡើងទៅវគ្គបន្ត ប៉ុន្តែបាល់ទាត់អ្វីក៏អាចកើតមាន»

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:32 am កីឡា
គ្រូបង្គោល ឃីម បូរី ៖ «ឱកាសស្ដួចស្ដើងឡើងទៅវគ្គបន្ត ប៉ុន្តែបាល់ទាត់អ្វីក៏អាចកើតមាន» គ្រូបង្គោល ឃីម បូរី ៖ «ឱកាសស្ដួចស្ដើងឡើងទៅវគ្គបន្ត ប៉ុន្តែបាល់ទាត់អ្វីក៏អាចកើតមាន»

មុនពេល ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ត្រូវទៅសួរសុខទុក្ខ ក្រុមខ្លាំងភ្នំពេញក្រោន នៅឯកីឡដ្ឋាន ស្មាត អ អេស អិន ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ គ្រូបង្វឹកណាហ្គាវើលដ៍ លោក ឃីម បូរី បានប្រាប់យ៉ាងដូច្នេះថា ៖«យើងចាញ់ ៤-០ នេះ យើងគិតថា ឱកាសតិចតួចបំផុតឡើងទៅវគ្គបន្ត ប៉ុន្តែក្នុងបាល់ទាត់ យើងគិតថា អ្វីៗក៏អាចកើតឡើងបានដែរ»។

ទាក់ទងនឹងសំណួរថា ណាហ្គាវើលដ៍ មានសម្ពាធខ្លាំងទេ បើចាញ់ ៤គ្រាប់នៅជើងទី១ទៅហើយនោះ? លោក ឃីម បូរី បានឆ្លើយថា ក្រុមរបស់លោក មិនមានសម្ពាធអ្វីខ្លាំងនោះទេ ទោះលេងនៅក្រៅដី ព្រោះលោកបានដឹងអំពីសមត្ថភាពរបស់ភ្នំពេញក្រោន រួចទៅហើយ ប៉ុន្តែ អ្វីដែលត្រូវធ្វើ គឺរៀបចំក្រុមឱ្យបានល្អ និងពង្រឹងស្មារតីក្រុមឱ្យបានល្អមកវិញ សម្រាប់ការប្រកួត នាថ្ងៃទី១៤ មីនា ខាងមុខ។

គ្រូបង្គោល ឃីម បូរី ៖«ឱកាសស្ដួចស្ដើងឡើងទៅវគ្គបន្ត ប៉ុន្តែបាល់ទាត់អ្វីក៏អាចកើតមាន»

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ រូបនេះ បានបន្ថែមថា ពេល ភ្នំពេញក្រោន នាំមុខមួយគ្រាប់មុន ក្រុមរបស់លោកបានបង្កើតឱកាសរកគ្រាប់បាល់តាមស្មើច្រើនដង ជាពិសេសកីឡាករ Marcio និង Hugo មានឱកាសម្នាក់ៗសឹងតែ ៣ ទៅ ៤ដង ប៉ុន្តែធ្វើមិនបានសម្រេច។

គ្រូបង្គោលដដែលសង្កត់ធ្ងន់ថា ៖«ពេលយើងមានឱកាសហើយ យើងបាត់បង់ការប្រមូលអារម្មណ៍ការពារ ជាហេតុដែលយើងធ្លាយដល់ ៣គ្រាប់បន្ថែម។ ចំណុចនេះ យើងត្រូវពង្រឹងជើងទី២ ឱ្យបានខ្លាំងក្លាមកវិញ ទាំងការបញ្ចប់ទី និងការការពារឱ្យបានល្អជាងជើងទី១»។

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង៤គ្រាប់របស់ភ្នំពេញក្រោន កាលពីជើងទី១ រកបានដោយកីឡាករ Ofufu Ibeh, លឹម ពិសុទ្ធ, យ៉ែម ដេវិត និងមួយគ្រាប់ទៀត ជាបាល់ចូលទីខ្លួនឯងរបស់ខ្សែបម្រើ Yuta Kikuchi របស់ណាហ្គាវើលដ៍។

កម្មវិធីប្រកួត វគ្គ១/៤ (ផ្តាច់ព្រ័ត្រ) ជើងទី២៖
– ភ្នំពេញក្រោន Vs ណាហ្គាវើលដ៍ (១៤ មីនា ២០២៥)
– ព្រះខ័នរាជស្វាយរៀង Vs គិរីវង់សុខសែនជ័យ (២ មេសា ២០២៥)
– វិសាខា vs កងយោធពលខេមរភូមិន្ទ (២ មេសា ២០២៥)
– បឹងកេត vs អាយ អេស អាយ ដង្កោសែនជ័យ (២ មេសា ២០២៥) ៕

គ្រូបង្គោល ឃីម បូរី ៖«ឱកាសស្ដួចស្ដើងឡើងទៅវគ្គបន្ត ប៉ុន្តែបាល់ទាត់អ្វីក៏អាចកើតមាន»