Close

ផលិតផលខ្មែរជាង ៥០០មុខកំពុងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យទន្លេ សំដៅគាំទ្រការនាំចេញនៅ នឹងកន្លែង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ផលិតផលខ្មែរជាង ៥០០មុខកំពុងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យទន្លេ សំដៅគាំទ្រការនាំចេញនៅ នឹងកន្លែង ផលិតផលខ្មែរជាង ៥០០មុខកំពុងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យទន្លេ សំដៅគាំទ្រការនាំចេញនៅ នឹងកន្លែង

(កំពង់ធំ)៖ នាឱកាសពិធីបុណ្យទន្លេដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣នេះ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិត ផលមួយ បាននាំយកនូវផលិតផលខ្មែររាប់រយមុខ ទៅដាក់តាំងបង្ហាញ។ ការយកផលិតផលខ្មែរ ទៅផ្គត់ផ្គង់វិស័យទេសចរណ៍នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថា «ជាការនាំចេញនៅនឹងកន្លែង»។

ទាក់ទិនការដាក់តាំងផលិតផលខ្មែរជាង ៥០០មុខនេះ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានឱ្យដឹងថា គណៈកម្មាធិការជាតិ រួមជាមួយសហគមន៍ បានដឹកនាំសមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថ នាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។

លោកបណ្ឌិតបានបញ្ជាក់ផងដែរថា ស្ដង់ផលិតផលដែលនៅក្រោមគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ គឺមានស្ដង់ VIP ចំនួន៤ស្ដង់ និងស្ដង់របស់សមាជិកចំនួន២១ស្ដង់ ក្នុងនោះមានផលិតផលដល់ទៅជាង៥០០មុខ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែល បានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។

ជាក់ស្ដែងដូចជាផ្លែដូង ឬដូងក្រអូប ដែលសហគមន៍បានប្រមូលយកពីសមាជិកជាកសិករ នៅទូទាំងប្រទេស ដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗ ក្នុងមួយថ្ងៃអាច លក់បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល។

ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។
ក្នុងនោះ ឯកឧត្តមបានចាត់ទុកថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍»។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការនាំយកផលិត ផលខ្មែរមកដាក់តាំងលក់នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍បែបនេះ ដែលវាមិនត្រឹមតែជួយលើកកម្ពស់ ផលិតផលក្នុងស្រុក ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ចរបស់ប្រជាជនដែលជាអ្នកផលិតផងដែរ។

ស្រដៀងគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានចេញសារលិខិតមួយអំពីពិធីបុណ្យទន្លេនេះផង ដែរ ដោយសម្ដេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត” គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

គួរជម្រាបថា ក្នុងរយៈពេល២ថ្ងៃ (៧-៨មីនា) នៃបុណ្យទន្លេ ខេត្តកំពង់ធំបានទទួលភ្ញៀវទេសចរជាង ៤០ម៉ឺននាក់ ដោយមានប្រជាជនទៅទស្សនាកម្សាន្តមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។ ដោយមើលឃើញពីទំនោរនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះនឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់។

ដោយឡែក នៅក្នុងពិធីបុណ្យទន្លេនេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៦ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង៕

អត្ថបទទាក់ទង