CMA ប្តេជ្ញាគាំពារអតិថិជន និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចីក្នុងការជំរុញកំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី ព្រមទាំងរក្សាឱ្យបាននូវតួនាទី ដ៏សំខាន់ន វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គ ការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហា ប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យ ហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។ បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់ កាល ដែលកំពុង អនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ ស្ថាប័ន មកពី ផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិ ការផ្តល់ប្រាក់កម្ចី និងធានា នូវនិរន្ដរភាពយូរអង្វែងរបស់វិស័យ។
ទាក់ទិននឹងបញ្ហានេះ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់យើងដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបាន ដឹង នូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់ យើង មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយ ការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។
លោកស្រីបន្តថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិ ការឥណទានផងដែរ។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើង ដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។ វិធាន
ការដ៏សំខាន់មួយទៀត គឺការហាមឃាត់ ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មក ធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។
លោកស្រីបន្ថែមថា លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យ ហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា (ABC)។ មជ្ឈមណ្ឌលនេះ ផ្ដល់សេវា ដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។ សមាគម ក៏កំពុង ពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោត លើស្រ្តី និងសហគមន៍ជនបទ តាម រយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជនក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការ សម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យន
ការជំពាក់បំណុលច្រើនលើសលុប។
លោកស្រី ឌិត នីតា បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែង កសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងផ្ដល់ ឱកាស ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ បំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផល ហិរញ្ញវត្ថុផ្លូវការ ដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និង ការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ»។
លោកស្រីសង្កត់ធ្ងន់តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយា បន្នហិរញ្ញវត្ថុ ដោយធានា ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែជាចលករដ៏សំខាន់ សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្ម។
បើតាមលោកស្រីឌិត នីតា ក្នុងពេលដែលការពិគ្រោះយោបល់កំពុងដំណើរការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមអំពាវនាវឱ្យភា គីពាក់ព័ន្ធទាំងអស់ ដូចជាវិនិយោគិន អ្នកបង្កើតគោលនយោបាយ និយ័តករ អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍ ចូលរួមសហការក្នុងការតម្រង់ទិសវិស័យមីក្រូហិរញ្ញវត្ថុនៅ កម្ពុជា។ តាមរយៈការចូលរួមជាមួយគ្នា យើងនឹងអាចធានាបានថា ប្រជាពលរដ្ឋដែលងាយរងគ្រោះ ទទួលបាននូវកិច្ចការពារ ហើយវិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តលើកកម្ពស់ និងផ្ដល់ឱកាសផ្នែកសេដ្ឋ កិច្ចដល់ប្រជាជនកម្ពុជាគ្រប់ៗរូប៕