មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក៣រូប នឹងចូលរួមពិធីចូលកាន់តំណែងលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃចន្ទ
អាមេរិក៖ មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក ៣ រូប គឺ លោក Elon Musk លោក Jeff Bezos និង លោក Mark Zuckerberg នឹងចូលរួមពិធីចូលកាន់តំណែងលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃចន្ទខាងមុខនេះ ។ នេះបើយោងតាមមន្ត្រីដែលពាក់ព័ន្ធជាមួយការរៀបចំព្រឹត្តិការណ៍នេះ។
មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក នឹងអង្គុយរួមគ្នានៅលើវេទិកាជាមួយភ្ញៀវកិត្តិយសសំខាន់ៗផ្សេងទៀត រួមទាំងអ្នកតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោក Trump និងមន្ត្រីជាប់ឆ្នោតផងដែរ។
លោក Elon Musk បាននិយាយនៅលើបណ្តាញសង្គម X ថា លោកមានកិត្តិយសណាស់ ដែលត្រូវបានគេអញ្ជើញឱ្យអង្គុយនៅលើវេទិកាលេចធ្លោបែបនេះនៅក្នុងពិធីចូលកាន់តំណែងលោកប្រធានាធិបតី Trump។
មហាសេដ្ឋីបច្ចេកវិទ្យាទាំងបីរូបបានបង្ហាញការពេញចិត្តលោក Trump ក្នុងពេលឆ្នាំកន្លងទៅ ខណៈលោក Elon Musk បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាង ៤ ពាន់លានដុល្លារនៅក្នុងមូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជួយលោក Trump ឱ្យជាប់ជាប្រធានាធិបតី ។
លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX – និងជាសហប្រធាននៃស្ថាប័នប្រឹក្សារដ្ឋបាលរបស់លោក Trump ថ្មីហៅថា Department of Government Efficiency – តែងតែនៅខាងលោក Trump ចាប់តាំងពីលោកបានគាំទ្រ ជាប្រធានាធិបតីក្នុងខែកក្កដា ឆ្នាំ ២០២៤។
ចំណែក លោក Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ក្នុងខែនេះបានកំណែទម្រង់គោលនយោបាយសម្របសម្រួលខ្លឹមសារ ដើម្បីឲ្យស្របតាមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ។ ជាមួយគ្នានេះ ក្រុមហ៊ុន Meta ក៏បានផ្តល់ប្រាក់ចំនួន ១ លានដុល្លារដល់មូលនិធិនៃការរៀបចំចូលកាន់ដំណែង លោក Trump ផងដែរ។
រីឯ លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងជាប្រធានប្រតិបត្តិ តាមរយៈក្រុមហ៊ុនAmazonរបស់ខ្លួន ក៏បានសម្រេចចិត្តបរិច្ចាគ ប្រាក់ ១ លានដុល្លារដល់មូលនិធិ នៃការរៀបចំចូលកាន់ដំណែង លោក Trump ផងដែរ។
មហាសេដ្ឋីបច្ចេកវិទ្យាទាំងបីរូនេះ ស្ថិតក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយក្នុងនោះ លោក Musk ជាប់ចំណាត់ថ្នាក់លេខ 1 លោក Bezos លេខ 2 និង លោក Zuckerberg លេខ 3 ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 885 ពាន់លានដុល្លារគិតត្រឹមថ្ងៃច័ន្ទក្នុងសប្តាហ៍នេះ។ នេះបើយោងតាម ទស្សនាវដ្ដី Bloomberg ៕