ប្រទេសចិនហាមឃាត់ការនាំចេញនូវសារធាតុមួយចំនួនទៅកាន់ អាមេរិក
ចិន៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួនកំពុងហាមឃាត់ការនាំចេញទៅកាន់សហរដ្ឋអាមេរិកនូវសារធាតុ Gallium, germanium, antimony និងសម្ភារៈបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត និងបានច្រានចោលដែនកំណត់របស់សហរដ្ឋអាមេរិកលើការនាំចេញដែលទាក់ទងនឹង semiconductor ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មបន្ទះឈីបរបស់អាមេរិក។
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីការផ្លាស់ប្តូរនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានពង្រីកបញ្ជីឈ្មោះក្រុមហ៊ុនចិនរបស់ខ្លួនដែលស្ថិតនៅក្រោមការគ្រប់គ្រងលើការនាំចេញលើឧបករណ៍ផលិតបន្ទះឈីបកុំព្យូទ័រ កម្មវិធី និងបន្ទះឈីបអង្គចងចាំល្បឿនលឿន និង បន្ទះសៀគ្វីបែបនេះគឺត្រូវការសម្រាប់កម្មវិធីកម្រិតខ្ពស់។
ការដាក់កម្រិតលើការរឹតបន្តឹងពាណិជ្ជកម្មកើតឡើងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននឹងកំពុងគម្រាមដំឡើងពន្ធយ៉ាងច្រើនលើការនាំចូលពីប្រទេសចិន និងប្រទេសដទៃទៀត ដែលអាចធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសចិនក៏បានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ផងដែរ។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា «ប្រទេសចិនបានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិកសម្រាប់ការធ្វើបច្ចុប្បន្នភាពរបស់ខ្លួននៃវិធានការត្រួតពិនិត្យការនាំចេញ semiconductor ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន និងការគាបសង្កត់ដោយព្យាបាទចំពោះវឌ្ឍនភាពបច្ចេកវិទ្យារបស់ប្រទេសចិន»។
លោក Lin បាននិយាយថា «ខ្ញុំចង់បញ្ជាក់ជាថ្មីថា ប្រទេសចិនប្រឆាំងដាចខាតចំពោះសហរដ្ឋអាមេរិក ដែលពន្លាតលើគោលគំនិតនៃសន្តិសុខជាតិ ការរំលោភលើវិធានការត្រួតពិនិត្យការនាំចេញ និងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និងយុត្តាធិការប្រឆាំងនឹងក្រុមហ៊ុនចិន»។
ប្រទេសចិនបាននិយាយនៅខែកក្កដាឆ្នាំ ២០២៣ថា នេះ នឹងតម្រូវឱ្យអ្នកនាំចេញស្នើសុំអាជ្ញាប័ណ្ណដើម្បីផ្ញើទៅសហរដ្ឋអាមេរិកនូវសម្ភារៈសំខាន់ៗជាយុទ្ធសាស្ត្រដូចជាហ្គាលីយ៉ូម និងហ្គេម៉ាញ៉ូម។ កាលពីខែសីហា ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួននឹងដាក់កម្រិតលើការនាំចេញសារធាតុ Antimony ដែលប្រើប្រាស់ក្នុងផលិតផលជាច្រើនចាប់ពីអាគុយរហូតដល់អាវុធ ហើយដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញ។
រ៉ែបែបនេះត្រូវបានចាត់ទុកថាសំខាន់សម្រាប់សន្តិសុខជាតិ។ ប្រទេសចិនគឺជាអ្នកផលិតសារធាតុ Antimony ដ៏សំខាន់ ដែលត្រូវបានប្រើក្នុងថ្នាំការពារអណ្តាតភ្លើង ថ្មពិល វ៉ែនតាពេលយប់ និងការផលិតអាវុធនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២១។
ដែនកំណត់ដែលបានប្រកាសដោយទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារក៏រួមបញ្ចូលផងដែរនូវការនាំចេញវត្ថុធាតុរឹងខ្លាំងដូចជាពេជ្រ និងសម្ភារៈសំយោគផ្សេងទៀត។ សម្ភារៈទាំងអស់នេះ ត្រូវបានប្រើនៅក្នុងតំបន់ឧស្សាហកម្មជាច្រើនដូចជាឧបករណ៍កាត់ ហ្វ្រាំងឌីស និងថ្នាំកូតការពារ។
ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតរបស់ពិភពលោកចំពោះ ហ្គាលីយ៉ូម និងហ្គេម៉ានីញ៉ូម ដែលត្រូវបានផលិតក្នុងបរិមាណតិចតួច ប៉ុន្តែត្រូវការជាចាំបាច់សម្រាប់ផលិតបន្ទះសៀគ្វីកុំព្យូទ័រ ទូរសព្ទចល័ត រថយន្ត និងផលិតផលផ្សេងទៀត ក៏ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាយោធាជាដើម៕