លោក Trump ៖ ពិភពលោកនឹងគ្មាន សង្គ្រាមលោកទី៣ឡើយប្រសិនបើលោកបានកាន់តំណែងម្តងទៀត
បរទេស ៖ក្នុងពេលវេលាដែលលោក Donald Trump បានសម្រេចចិត្តវិលត្រឡប់មករកការប្រកួតប្រជែងនយោបាយសាជាថ្មីសម្រាប់បេក្ខភាពជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីនោះ អតីតមេដឹកនាំអាមេរិករូបនេះបានអះអាងថា លោកគឺជាបេក្ខភាពតែម្នាក់គត់ដែលអាចរារាំងពិភពលោកមិនឲ្យកើតឡើងនៃសង្គ្រាមលោកលើកទី៣ដាច់ខាត។
ថ្លែងទៅកាន់សន្និសិទកាសែតដែលសម្បូរទៅដល់ក្រុមអ្នកនយោបាយបែបអភិរក្សនិយម ឬហៅថា Conservative Political Action Conference នៅក្នុងទីក្រុង Maryland លោក Trump ក៏បានរិះគន់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden បច្ចុប្បន្នកំពុងដឹកនាំឲ្យអាមេរិកធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់មួយ។
អតីតប្រធានាធិបតីរូបនេះក៏បានលើកឡើងដែរថា លោកគឺជាបុគ្គលម្នាក់គត់ដែលអាចមានលទ្ធភាពក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយប្រើពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ហើយអាមេរិកមិនគួរណាខ្ជះខ្ជាយពេលវេលា និងលុយកាក់ដែលប្រមូលបានពីពលរដ្ឋយកទៅធ្វើការប្រើប្រាស់ក្នុងសង្គ្រាមដ៏ឆ្គួតល្ងីល្ងើដូចជានៅអ៊ុយក្រែនបែបនេះនោះទេ។
ក្រៅពីនោះលោក Trump ក៏លើកឡើងដែរប្រសិនបើលោកអាចកាន់តំណែងជាប្រធានាធិបតីសាជាថ្មីនៅអាណត្តិក្រោយនៃការបោះឆ្នោតឆ្នាំ២០២៤នោះ លោកនឹងទំនាក់ទំនងទៅកាន់រដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាលទីក្រុងគៀវភ្លាមពីព្រោះថាលោកបានត្រៀមរួចរាល់ហើយនូវអ្វីដែលអាចពិភាក្សាជាមួយនឹងមេដឹកនាំរុស្សីនិងអ៊ុយក្រែនដើម្បីអាចបញ្ចប់សង្គ្រាមលើកនេះ៕