Close

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជនរបស់ខ្លួន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជនរបស់ខ្លួន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជនរបស់ខ្លួន

សៀមរាប៖ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនដោយជោគជ័យ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ និងដៃគូអន្តរជាតិ ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ»។

សន្និសីទដែលរៀបចំឡើងនៅខេត្តសៀមរាបនេះ បានបង្ហាញការប្តេជ្ញារបស់សមាគមក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវស្របតាមគោលដៅអភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគំរូសម្រាប់ហិរញ្ញប្បទានប្រកបដោយនិរន្តភាព។

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជនរបស់ខ្លួន

ថ្លែងទៅកាន់អ្នកចូលរួមជាង ៣០០នាក់ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើបេសកកម្មរបស់សមាគមក្នុងការពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកស្រីថ្លែ ថា៖ «និរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបាន។ យើងកំពុងធ្វើការងាររួមគ្នាដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុដែលបម្រើប្រជាជនគ្រប់ៗរូប»។

ជាមួយគ្នានោះ លោកស្រី ក៏បានរំលេចផងដែរនូវការប្តេជ្ញារបស់សមាគមក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ និងសហគមន៍ខ្វះខាត ដែលមានប្រមាណ ៧៤,៤% នៃចំនួនប្រជាជនកម្ពុជា ។ គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីដ៏ចាំបាច់ក្នុងបេសកម្មនេះ ដោយបានផ្តល់ឥណទានសរុបចំនួន ៥,១១ពាន់លានដុល្លារដល់អតិថិជន ១,៥៥លានគណនី និងទទួលប្រាក់បញ្ញើ ២,២១ប៊ីលានដុល្លាពីអតិថិជនជិត ២លានគណនី ក្នុងនោះមាន ៦៧% ជាស្ត្រី។

លោកស្រីបន្ថែមថា«កិច្ចខិតខំប្រឹងប្រែងដែលកើតចេញពីការប្តេជ្ញាចិត្តនេះ មិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន ២១.០០០នាក់ ដែលកំពុងបម្រើការងារតាមការិយាល័យចំនួន៩០០»។

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជនរបស់ខ្លួន

បើតាម លោកស្រី ឌិត នីតា ផ្នែកដ៏សំខានមួយទៀតនៃសន្និសីទនៅឆ្នាំនេះ គឺការរំលេចប្រព័ន្ធទូទាត់បាគង ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០២០។ បច្ចុប្បន្នបាគងមានអ្នកប្រើប្រាស់ជាប្រចាំចំនួន ១០លានគណនី ដោយបានភ្ជាប់សេវាហិរញ្ញវត្ថុបែបប្រពៃណីទៅនឹងប្រជាជនដែលមិនទានមានគណនីធនាគារ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមានល្បឿនលឿននិងតម្លៃថោក។

ប្រព័ន្ធទូទាត់នេះទទួលបានការសាទរជាអន្តរជាតិដោយសារការពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ហើយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ចំពោះភាពជាអ្នកដឹកនាំក្នុងការគាំទ្រដល់ដំណើរវិវឌ្ឍឆ្ពោះទៅរកភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់អតិថិជន។
ខណៈពេលដែលការលើកកម្ពស់សិទ្ធិនិងកិច្ចការពារអតិថិជននៅតែជាបេសកកម្មចម្បងរបស់ខ្លួន សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជាក៏កំពុងជំរុញហិរញ្ញវត្ថុបៃតងផងដែរស្របតាមនិន្នាការសកល ដោយផ្តោតលើនិរន្តរភាពបរិស្ថាន។

សមាគមក៏កំពុងសហការជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្តល់ជំនួយបច្ចេកទេសដើម្បីអភិវឌ្ឍផលិតទឹកស្អាត និង
អនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។

លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តគ្រឹះស្ថានជាសមាជិករបស់យើងឱ្យចាត់ទុកហិរញ្ញវត្ថុបៃតងថាជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន»។ គំនិតផ្តួចផ្តើមទាំងនេះ គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថាន។

តាមរយៈសន្និសីទពេញមួយថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសង្កត់ធ្ងន់លើភាពចាំបាច់នៃចំណេះដឹងហិរញ្ញវត្ថុអតិថិជន ការកសាងសមត្ថភាពគ្រឹះស្ថាន និងការប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិវិជ្ជាជីវៈតឹងរឹង ដើម្បីបង្កើតបានវិស័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងភាពធន់។

សន្និសីទបានអំពាវនាវឱ្យបន្តរួមសហប្រតិបត្តិគ្នាប្រកបដោយសិទ្ធភាពក្នុងការជំរុញនិរន្តរភាពនិងបរិយាបន្នហិរញ្ញវត្ថុ ស្របតាមតម្រូវការប្រទេសកម្ពុជា និងអាទិភាពសកល។ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ជាមួយនឹងការប្តេជ្ញារួមក្នុងការកសាងអនាគតរបស់វិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តភាព និងបរិយាបន្ន។
សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអញ្ញើញដៃគូរអន្តរជាតិ វិនិយោគិន និងភាគីពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការរួមគ្នាដើម្បីសម្រេចបានវិស័យហិរញ្ញវត្ថុដែលលើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋាន និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

តាម រយៈសន្និសីទនេះ និងគំនិតផ្តួចផ្តើមនានា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងនៅតែបន្តប្តេជ្ញាលើកកម្ពស់សហគមន៍ គាំទ្រកំណើនដោយនិរន្តរភាព និងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងសកលឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន៕

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជនរបស់ខ្លួន

អត្ថបទទាក់ទង