យុវជនកម្ពុជាបង្ហាញការប្ដេជ្ញាចិត្តជំរុញបច្ចេកវិទ្យារ៉ូបូត
ភ្នំពេញ៖ ក្រុមសិស្សវិទ្យាល័យកម្ពុជាដែលមានសមាជិត៩នាក់ បានទទួលជ័យលាភីលេខ២ ក្នុងប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge នៅទីក្រុងអាតែន ប្រទេសក្រិក ពីថ្ងៃទី២៦ ដល់ថ្ងៃទ២៩ ខែកញ្ញា ឆ្នាំ២០២៤។ ពួកគេបានបង្ហាញពីជំនាញដ៏ល្អក្នុងការបង្កើតរ៉ូបូត នៅក្នុងការប្រកួតប្រជែងជាមួយក្រុមសិស្សមកពីជាង១៩០ប្រទេស។
នៅក្នុងពិធីជួបសំណេះសំណាល នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមយុវជនជ័យលាភីទាំងនេះបានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកវិទ្យារ៉ូបូតនៅកម្ពុជា។
លោក ដាវ អានសាន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។
លោក បានកោតសរសើរដល់ជ័យលាភីទាំងអស់ចំពោះសមិទ្ធផលជោគជ័យរបស់ពួកគេ ព្រមទាំងការបង្ហាញជំនាញសំខាន់ៗ ដូចជាជំនាញទំនាក់ទំនង ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហាជាដើម។ លោក ក៏បានលើកទឹកចិត្តជ័យលាភីទាំងអស់ឱ្យបន្តស្មារតីនៃការប្រកួតប្រជែង និងខិតខំប្រឹងប្រែង ដើម្បីឧត្តមភាពថ្មីៗបន្ថែមទៀត ដោយលើកឡើងពីតួនាទីរបស់ពួកគេក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្រុមសិស្សដែលចូលរួមការប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge ឆ្នាំ២០២៤ ក្រោមប្រធានបទ “Refuel the Future” ត្រូវដោះស្រាយបញ្ហាថាមពលសាកលតាមរយៈបច្ចេកវិទ្យារ៉ូបូត ដោយលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព។
ក្រុមសិស្សកម្ពុជាបានចំណាយពេលជាច្រើនខែដើម្បីបង្កើតរ៉ូបូត ដែលបង្ហាញពីភាពច្នៃប្រឌិត និងការសហការគ្នា។
ពួកគេបានចែករំលែកចំណេះដឹងស្តីពីប្រសិទ្ធភាពថាមពល និងនវានុវត្តន៍ ដែលនឹងជំរុញទឹកចិត្តអនាគតវិស្វករ និងអ្នកវិទ្យាសាស្ត្រជំនាន់ក្រោមរបស់កម្ពុជា។