Close

៨ខែឆ្នាំនេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៨ខែឆ្នាំនេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាននាក់ ៨ខែឆ្នាំនេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាននាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិន មានប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង ៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ នេះបើយោងតាមលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី JING HE អគ្គនាយិកាមន្ទីរវប្បធម៌និង ទេសចរណ៍ខេត្តហីឡុងជាំង (Heilongjiang) នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នងជំនួបនេះ លោក ហួត ហាក់ បានកោតសរសើរចំពោះទំនាក់ទំនង មិត្តភាពជាប្រពៃណីទំនាក់ ទំនងការទូតដែលមានរយៈពេល ៦៦ឆ្នាំ ជាមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

៨ខែឆ្នាំនេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៤លាននាក់

ក្រោម ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យ ទេសចរណ៍ ដោយឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផល នៃការចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ លើកទី១០ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤។

ជាការឆ្លើយតប លោកស្រីអគ្គនាយិកាមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហឺឡុងជាំង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងអនុញ្ញាតជូនលោកស្រី និងសហការីបានចូលជួបពិភាក្សា ការងារ។

ជាកិច្ចបន្ទាប់ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយ ដែលមានសភាពល្អប្រសើរ លើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាក់ទាញទេសចរអន្តរជាតិ និងការវិនិយោគ ក ក្រោមការដឹកនាំដ៏ឈ្លាស និងប៉ិនប្រស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង យន្តការលើកទឹកចិត្តជាច្រើនដល់វិស័យឯកជន ជាពិសេសលើវិស័យទេសចរណ៍ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

៨ខែឆ្នាំនេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៤លាននាក់

កិច្ចជំនួបពិភាក្សាការងារ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផល លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ដូចខាងក្រោម៖

១)រដ្ឋបាលខេត្តហឺឡុងជាំង ផ្តល់កិច្ចសហការល្អ និងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយដល់ប្រជាជនចិន និងជំរុញ ដល់ប្រជាជនចិន មកធ្វើដំណើរកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រមទាំងជួយទប់ស្កាត់ និងលុបបំបាត់រាល់ព័ត៌មាន ក្លែងក្លាយដែលជះផលអវិជ្ជមាន ដល់ប្រទេសកម្ពុជា។
២)រដ្ឋបាលខេត្តហឺឡុងជាំង ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលជាប្រទេសពោរពេញដោយ សក្តានុពលវិនិយោគ។
៣)ក្រសួងទេសចរណ៍ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺឡុងជាំង ដើម្បីដាក់ចេញ នូវផែនការនិងសកម្មភាពចាំបាច់នានារួមគ្នា ដើម្បីជំរុញលំហូរទេសចរនៃគោលដៅទាំងពីរ។
៤)លោករដ្ឋមន្ត្រី នឹងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធនៅខេត្តហឺឡុងជាំង នាពេលវេលាសមស្របខាងមុខ តបតាមការអញ្ជើញរបស់លោកស្រី អគ្គនាយិកា។

ក្រោយបញ្ចប់កិច្ចជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញលំហូរទេសចរ រវាងគោលដៅទាំងពីរ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋបាលខេត្តហីឡុងជាំង តំណាងដោយលោកស្រីអគ្គនាយិកាមន្ទីរវប្បធម៌និង ទេសចរណ៍ខេត្ត៕

៨ខែឆ្នាំនេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៤លាននាក់