John Stones នឹងធ្វើជាប្រធានក្រុមអង់គ្លេស ទល់នឹង ក្រុមជម្រើសជាតិក្រិក យប់នេះ
ខ្សែប្រយុទ្ធឆ្នើម Harry Kane នឹងមិនអាចចាប់ផ្តើមការប្រកួត Nations League របស់អង់គ្លេស ទល់នឹង ក្រុមជម្រើសជាតិក្រិក នោះទេ ហើយ John Stones នឹងធ្វើជាប្រធានក្រុមជាលើកដំបូង។ នេះបើតាមអ្នកចាត់ការបណ្តោះអាសន្ន Lee Carsley បាននិយាយកាលពីថ្ងៃពុធ។
Kane ដែលបានរងរបួសជើងស្តាំរបស់គាត់ ពេលលេងឱ្យ Bayern Munich កាលពីចុងសប្តាហ៍មុននោះ បានធ្វើការហ្វឹកហាត់ដាច់ដោយឡែកពីគេ ចាប់តាំងពីបានមកដល់ជំរុំអង់គ្លេស ហើយលោក Carsley មិនមានឆន្ទៈក្នុងការប្រថុយដាក់ខ្សែប្រយុទ្ធរបស់គាត់លេងនោះទេ។
លោក Carsley បានប្រាប់អ្នកយកព័ត៌មានថា ៖«Harry កំពុងសម្រាកព្យាបាលរបួស ដូច្នេះគេនឹងមិនចាប់ផ្តើមការប្រកួតនៅយប់នេះនោះទេ តែយើងសង្ឃឹមថា គាត់នឹងអាចជាសះស្បើយ ទាន់ការប្រកួតជាមួយ ហ្វាំងឡង់ នៅថ្ងៃអាទិត្យ»។
ដោយសារ Kane ដែលជាប្រធានក្រុមមិនអាចចូលលេងបាន ទើបធ្វើឲ្យលោក Carsley ជ្រើសរើសខ្សែការពាររបស់ Manchester City វ័យ ៣០ឆ្នាំ John Stones កាន់តួនាទីជំនួស។
លោក Carsley បាននិយាយថា ៖«វាគឺជាការសន្ទនាដ៏អស្ចារ្យមួយ ដែលខ្ញុំអាចនិយាយជាមួយ John កាលពីយប់មិញ ដើម្បីសុំឱ្យគាត់ធ្វើជាប្រធានក្រុម។ វាជាសមិទ្ធិផលដ៏អស្ចារ្យមួយ សម្រាប់ John អ្វីមួយដែលគាត់សមនឹងទទួលបាន ចំនួនប្រកួតដែលគាត់ទទួលបាន បទពិសោធន៍ កម្រិតនៃវិជ្ជាជីវៈដែលគាត់បង្ហាញក្នុងក្រុម និងក្លាយជាគំរូ សម្រាប់កីឡាករក្មេងៗ»៕