Ronaldo និយាយថា ខ្លួនមិនដែលគិតពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរទុយហ្គាល់ ឡើយ
(បាល់ទាត់)៖ ខ្សែប្រយុទ្ធព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានច្រានចោលការលើកឡើងដែលថាខ្លួនបានពិចារណាបញ្ចប់អាជីពពីក្រុមជម្រើសជាតិរទុយហ្គាល់ នាពេលខាងមុខ ។
ក្រុមបញ្ចខែលព័រទុយហ្គាល់ នឹងបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិ ក្រូអាត ក្នុងការប្រកួតបើកឆាក Nations League របស់ពួកគេ នៅថ្ងៃព្រហស្បតិ៍ មុនពេលស្វាគមន៍ស្កុតឡែន ក្នុងការប្រកួតទី២ នៅថ្ងៃអាទិត្យ។
នៅពេលដែលមានសំណួរអំពីការចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ Ronaldo បានឆ្លើយប្រាប់សន្និសីទសារព័ត៌មានថា ៖«នោះគឺមកពីសារព័ត៌មាន។ ខ្ញុំមិនដែលគិតថា វត្តមានរបស់ខ្ញុំជាមួយព័រទុយហ្គាល់ បានដល់ទីបញ្ចប់ទេ។ ផ្ទុយទៅវិញ វាបានផ្តល់ឱ្យខ្ញុំនូវការលើកទឹកចិត្តបន្ថែមទៀត ដើម្បីបន្តភាពជួយក្រុមជម្រើសជាតិរបស់ខ្លុំ។ ការលើកទឹកចិត្តគឺចង់មកក្រុមជម្រើសជាតិ ដើម្បីលើកពាន Nations League… យើងធ្លាប់ឈ្នះវាម្តងរួចមកហើយ ហើយយើងចង់ធ្វើវាម្តងទៀត»។
កីឡាករវ័យ ៣៩ឆ្នាំរូបនេះ ហាក់ដូចជាមិនមានបញ្ហាជាមួយនឹងការរិះគន់ដែលខ្លួនបានប្រឈមមុខ ចំពោះការខកខានក្នុងការរកគ្រាប់បាល់នៅក្នុងការប្រកួតជើងឯកអឺរ៉ុប ឆ្នាំ ២០២៤។ Ronaldo បានឆ្លើយថា ៖«ការរិះគន់គឺអស្ចារ្យណាស់ ពីព្រោះប្រសិនបើគ្មានការរិះគន់ វាគ្មានការរីកចំរើនទេ។ វាតែងតែជាបែបនេះ។ ដូច្នេះខ្ញុំព្យាយាមដើរតាមមាគ៌ារបស់ខ្ញុំ ធ្វើអាជីពតាមដែលអាចធ្វើបាន ជួយឱ្យអស់ពីលទ្ធភាពជាមួយនឹងជំនាញវិជ្ជាជីវៈរបស់ខ្ញុំ ហើយមិនមែនត្រឹមតែរកគ្រាប់បាល់ ជំនួយ វិន័យ និងជាឧទាហរណ៍នោះទេ ព្រោះបាល់ទាត់មានច្រើនជាងការលេងបានល្អ ឬស៊ុតបញ្ចូលទី»។
គួររំលឹកថា Ronaldo បានដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ទទួលបានជោគជ័យក្នុងការប្រកួតបើកឆាក Nations League ក្នុងឆ្នាំ ២០១៩ ពោលគឺបីឆ្នាំ បន្ទាប់ពីពួកគេបានក្លាយជាជើងឯកអឺរ៉ុបជាលើកដំបូង នៅប្រទេសបារាំង៕