Close

កម្ពុជាបញ្ជូនប្រតិភូកីឡាប៊ីយ៉ា ៥រូប ចូលរួមប្រកួតអន្តរជាតិ នៅប្រទេសថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ កីឡា
កម្ពុជាបញ្ជូនប្រតិភូកីឡាប៊ីយ៉ា ៥រូប ចូលរួមប្រកួតអន្តរជាតិ នៅប្រទេសថៃ កម្ពុជាបញ្ជូនប្រតិភូកីឡាប៊ីយ៉ា ៥រូប ចូលរួមប្រកួតអន្តរជាតិ នៅប្រទេសថៃ

កម្ពុជា នឹងបញ្ជូនប្រតិភូកីឡាប៊ីយ៉ា៥រូប ក្នុងនោះមានកីឡាករជម្រើសជាតិ៣នាក់ ចេញទៅប្រកួតលើវិញ្ញាសា HEYBALL អន្តរជាតិលក្ខណៈបើកទូលាយ (2024 JOY HEYBALL INTERNATIONAL OPEN THAILAND STOP) ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា និងជាប្រតិភូដឹកនាំកីឡាប៊ីយ៉ាកម្ពុជា។

សម្រាប់ប្រតិភូកីឡាប៊ីយ៉ាទាំង៥រូប នេះរួមមាន លោក ម៉ារ៉ា សុជាតិ និងលោកស្រី អេង អ៊ីតា។ ចំណែកកីឡាករ៣នាក់នោះមាន កីឡាករ ដួង ប៊ុនធឿន, កីឡាករ ម៉ែន សុផានិត និងកីឡាករ នាង សុខមនោ។

កម្ពុជាបញ្ជូនប្រតិភូកីឡាប៊ីយ៉ា ៥រូប ចូលរួមប្រកួតអន្តរជាតិ នៅប្រទេសថៃ

លោក ម៉ារ៉ា សុជាតិ បានសង្កត់ធ្ងន់ថា HEYBALL គឺជាវិញ្ញាសាមួយថ្មី ប៉ុន្តែកំពុងល្បីល្បាញខ្លាំង នាពេលបច្បុប្បន្ន ខណៈសហព័ន្ធកីឡាប៊ីយ៉ាអាស៊ី និងសហព័ន្ធអន្តរជាតិ នឹងត្រូវដាក់បញ្ចូលវិញ្ញាសា HEYBALL នេះទៅក្នុងការប្រកួតស៊ីហ្គេម កីឡាអាស៊ី និងហ្គេមធំៗផ្សេងៗទៀត ទាំងកម្រិតអាស៊ី និងពិភពលោកផងដែរ។

អគ្គលេខាធិការរូបនេះ បានឱ្យដឹងទៀតថា ក្រៅអំពីការចូលរួមការប្រកួត HEYBALL អន្តរជាតិលក្ខណៈបើកទូលាយ នៅប្រទេសថៃ នាចុងខែសីហា ឆ្នាំ២០២៤នេះ ក៏ក្រុមជម្រើសជាតិប៊ីយ៉ាកម្ពុជានឹងចូលរួមការប្រកួតអន្តរជាតិដ៏ធំមួយ លើវិញ្ញាសាភូល ក្នុងខែកញ្ញា ២០២៤ខាងមុខនេះ នៅប្រទេសវៀតណាម។ ជាគោលដៅមួយទៀត គឺប៊ីយ៉ាកម្ពុជាក៏នឹងចូលរួមប្រកួតអន្តរជាតិលើវិញ្ញាសាស្នូកឃ័រ នៅប្រទេសសិង្ហបុរី។ ជារួម ក្រុមជម្រើសជាតិប៊ីយ៉ាកម្ពុជាមានបេសកកម្មចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់ ទាំងក្នុងខែសីហា ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤នេះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលយើងរៀបចំការប្រកួតកីឡាជាតិ លើកទី៤ ទើបផ្អាកប្រកួតអន្តរជាតិមួយរយៈសិន៕

កម្ពុជាបញ្ជូនប្រតិភូកីឡាប៊ីយ៉ា ៥រូប ចូលរួមប្រកួតអន្តរជាតិ នៅប្រទេសថៃ