តើ Elon Musk ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោកដោយរបៀបណា?
បរទេស៖ លោក Elon Musk បច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិគិតជាលុយច្រើនជាងគេបំផុតនៅក្នុងលោករហូតដល់ ១៩៥ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣)។ ប្រភពចំណូលធំរបស់លោកដែលត្រូវបានគេមើលឃើញជាក់ស្ដែងនាពេលបច្ចុប្បន្នគឺបានមកពី Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក និងកំពុងឈានមុខគេនៅលើទីផ្សារ។ ប៉ុន្តែបើសិនជាសិក្សាពីបុគ្គលរូបនេះឱ្យបានច្បាស់ ទើបយើងដឹងថា គាត់មានលុយច្រើនសន្ធឹកតាំងពីមុនពេលឈានជើងចូលក្រុមហ៊ុន Tesla មកម្ល៉េះ។
ខាងក្រោមនេះគឺជាប្រវត្តិការងារ និងការសាងប្រាក់ចំណូលរបស់លោក Elon Musk មុនក្លាយជាកំពូលមហាសេដ្ឋី៖
លោក Elon Musk បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Stanford University នាឆ្នាំ១៩៩៥ ខណ:ដែលលោកទើបតែចូលរៀនបានចំនួនពីរថ្ងៃ ដោយងាកមកចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួនវិញ ដោយបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Zip2។ Zip2 ជាក្រុមហ៊ុនស្វែងរកទីតាំងផ្សេងៗនៅលើអ៊ីនធើណែត និងជាក្រុមហ៊ុនដំបូងដែលលោកបានបង្កើតឡើងជាមួយនឹងប្អូនប្រុសបង្កើត។
ប្រាក់ទុនសម្រាប់បង្កើតក្រុមហ៊ុនមួយនេះគឺបានមកពីប្រភពវិនិយោគមួយដែលមានឈ្មោះ Angel Investor (វិនិយោគដោយការផ្ដល់ដើមទុនសម្រាប់អាជីវកម្មដែលទើបចាប់ផ្ដើម ដើម្បីប្ដូរបានជាភាគហ៊ុនត្រឡប់មកវិញ ប៉ុន្តែវាជាការវិនិយោគមានហានិភ័យខ្ពស់)។ នៅដើមឆ្នាំ ១៩៩៩ ក្រុមហ៊ុន Zip2 ត្រូវបានក្រុមហ៊ុនផលិតកុំព្យូទ័រអាមេរិក Compaq ទិញយកក្នុងតម្លៃ ៣០៧លានដុល្លារអាមេរិក ដោយក្នុងនោះលោក Elon Musk ទទួលបានប្រាក់ត្រឹមតែ ២២លានដុល្លារអាមេរិក ព្រោះលោក មានភាគហ៊ុនត្រឹមតែ ៧ភាគរយប៉ុន្តែ។ ជាមួយនឹងប្រាក់ ២២លានដុល្លារអាមេរិកនេះហើយ ដែលនាំឱ្យលោក Elon Musk មានក្ដីសង្ឃឹម និងឈានទៅបង្កើតក្រុមហ៊ុនថ្មី។
លោក Elon Musk បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនថ្មីមួយទៀត ដែលមានឈ្មោះថា X.com ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុនៅលើអនឡាញដំបូងគេ នៅឆ្នាំ១៩៩៩។ ក្រោយពីបានដំណើរបានបន្តិច X.com ក៏បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Confinity ដែលជាគូប្រជែងរបស់ខ្លួន និងបានប្ដូរទៅជាក្រុមហ៊ុនថ្មី ដែលមានឈ្មោះថា PayPal។ ដោយមើលឃើញពីវិសាលភាពរបស់ PayPal នៅឆ្នាំ ២០០២ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សមួយរបស់អាមេរិក eBay បានទិញ PayPal ក្នុងតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះលោក Elon Musk ទទួលបាន ១៧៥,៨លានដុល្លារអាមេរិក ក្នុងនាមជាម្ចាស់ភាគហ៊ុនជិត ១១ភាគរយ។
បន្ទាប់ពីមានលុយក្នុងដៃកាន់តែច្រើន លោក Elon Musk ក៏ចាប់ផ្ដើមធ្វើអ្វីដែលជាមហិច្ឆតារបស់ខ្លួន នោះគឺការស្រមៃចង់ឡើងទៅកាន់ភពព្រះអង្គារ។ ដើម្បីសម្រេចគោលដៅមួយនេះ លោក Elon Musk បានទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាការងាររឿងធ្វើដំណើរទៅកាន់លំហអាកាស និងភពព្រះអង្គារ ជាមួយក្រុមអ្នកជំនាញ ប៉ុន្តែលទ្ធផលនៃការពិភាក្សាមិនសមបំណងឡើង ទើបលោកបានសម្រេចបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Space Exploration Technologies Corp (SpaceX) នៅពាក់កណ្ដាលឆ្នាំ ២០០២។ គិតមកដល់ពេលនេះ SpaceX ត្រូវបានគេរាយការណ៍មកថា ទទួលប្រាក់ចំណូលជាច្រើនផងដែរ ជាពិសេសគឺគម្រោងមួយចំនួនរបស់អង្គការ NASA ខណៈដែលកាលពីឆ្នាំ ២០១៨ ប្រាក់ចំណូលផ្លូវការរបស់ក្រុមហ៊ុនមួយនេះមានចំនួន ២ពាន់លានដុល្លារអាមេរិក។ គិតត្រឹមបច្ចុប្បន្ននេះ SpaceX មានតម្លៃទៅលើទីផ្សាររហូតដល់ ៧៤ពាន់លានដុល្លារអាមេរិក។
លោក Elon Musk បានបោះទុន ៦,៥លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Tesla និងបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុត នៅឆ្នាំ ២០០៤ និងមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានក្លាយជាអ្នកដឹកនាំក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះផងដែរ។ ក្រោមការខិតខំប្រឹងប្រែងរបស់លោក បានធ្វើឱ្យក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តល្បី និងឈានមុខគេនៅលើពិភពលោក ហើយកាលពីឆ្នាំ ២០២១កន្លងទៅនេះ Tesla រកចំណូលបានជិត ៥៤ពាន់លានដុល្លារអាមេរិក។ លោក Elon Musk ត្រូវបានគេទម្លាយឱ្យដឹងថា ប្រាក់ចំណូលស្ទើរតែ ២ភាគ៣របស់លោកគឺបានមកពីក្រុមហ៊ុន Tesla ខណៈដែលប្រភពច្បាស់ការបានបង្ហាញថា Elon Musk ក្ដោបក្ដាប់ហ៊ុនរបស់ Tesla ចំនួន ២១ភាគរយ។
កំពូលមនុស្សរូបនេះ ក៏បានបង្កើតក្រុមហ៊ុនផ្សេងៗមួយចំនួនទៀតដូចជា SolarCity, Neuralink, The Boring Company, OpenAI ជាដើម ដែលក្រុមហ៊ុននីមួយៗគឺសុទ្ធតែមានចំណូលខ្ពស់ និងកំពុងទទួលបានការគាំទ្រផងដែរ ជាក់ស្ដែង OpenAI ទើបតែដាក់ឱ្យប្រើមុខងារថ្មីមួយដែលមានឈ្មោះ ChatGPT។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចុងក្រោយគេបំផុតដែលលោក Elon Musk បានទិញយក និងកំពុងកាន់កាប់ដោយខ្លួនឯងនោះគឺជាបណ្ដាញសង្គមដ៏ពេញនិយមរបស់អាមេរិក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក៕