យន្តហោះចម្បាំង F-16 នឹងមិនអាចធ្វើអ្វីបាននៅក្នុងសង្គ្រាមអ៊ុយក្រែនឡើយ
បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះក្រុមអ្នកជំនាញខាងសព្វាវុធ និងក្រុមហ៊ុនឯកជនទទួលបន្ទុកផ្នែកកិច្ចការងារគាំទ្រយោធារបស់រុស្ស៊ីផងគឺ Wagner Group បានធ្វើការអះអាងយន្តហោះចម្បាំងអាមេរិក F-16 នឹងមិនអាចធ្វើឲ្យអ៊ុយក្រែនមានសមត្ថភាពខ្លាំងលើសពីបច្ចុប្បន្នឡើយ។
Wagner Group បានបន្តទៀតថាខណៈដែលអ៊ុយក្រែនកំពុងព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផ្គត់ផ្គង់អាវុធពីលោកខាងលិចនោះជាក់ស្តែងកងកម្លាំងរបស់ខ្លួននឹងត្រូវការពេលវេលាជាច្រើនដើម្បីអាចមានសមត្ថភាពក្នុងការប្រើប្រាស់អាវុធទាំងនោះបានជាពិសេសរួមមានទាំងយន្តហោះចម្បាំង F-16 ផង។
ផ្តល់បទសំភាសទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ RT កាលពីម្សិលមិញនេះអ្នកជំនាញបើកយន្តហោះចម្បាំងរបស់ Wagner បានថ្លែងថាលទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំងរបស់លោកខាងលិចមកកាន់ប្រទេសអ៊ុយក្រែនគឺជារឿងដែលអាចកើតឡើងបានពីព្រោះថារដ្ឋាភិបាលក្រុងគៀវនៅតែបន្តធ្វើការស្នើសុំអាមេរិកនិងសម្ព័ន្ធណាតូនៅឡើយចំពោះអាវុធប្រភេទនេះ។
ទោះបីជាយ៉ាងណាក្តីអ្នកជំនាញរបស់ Wagnerដដែលនេះក៏ បានធ្វើការលើកឡើងថាទោះបីជាយ៉ាងណាក្តី F-16 ដែលអ៊ុយក្រែនអាចទទួលនឹងបង្កបញ្ហាច្រើនជាងផ្តល់ប្រយោជន៍ដែលក្នុងនោះរួមមានទាំងការបង្កើនមជ្ឈមណ្ឌលជួសជុលយន្តហោះព្រមតាំងកិច្ចការងារផ្លាស់ប្តូរគ្រឿងបន្លាស់យន្តហោះផង។
គួរឲ្យដឹងដែរថា Wagner Group គឺជាក្រុមហ៊ុនដែលមានជំនាញយោធាធំជាងគេបំផុតនៅរុស្សីនិងក៏ជាក្រុមហ៊ុនឯកជនដែលត្រូវបានរុស្សីជួលនិងប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធមួយចំនួនជាមួយនឹងប្រទេសអ៊ុយក្រែនផងដែរ៕