ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ
ភ្នំពេញ: ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ ។
នាឱកាសនោះចូលរូមកិច្ចប្រជុំនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានមតិស្វាគមន៍ និងថ្លែងអំណរគុណសមាជិកក្រុមការងារទាំងអស់ដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ។
ឯកឧត្តម អៀង អូននី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការ បានឡេីងអានសេចក្តីសម្រេចលេខ ៥៩៨៦ សសរ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការបង្កេីតក្រុមការងារតាក់តែងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយក្រុមការងារនេះត្រូវបានបានផ្លាស់ប្តូរ និងកែសម្រួលសមាសភាពមួយចំនួន។
ជាថ្មីម្តងទៀត ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យ បានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការអនុវត្តរបស់មន្រ្តីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ រៀបចំឡើងក្នុងគោលបំណងកំណត់អំពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម៕