ព្រះមហាក្សត្រយាងជាព្រះរាជាធិបតី ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
អញ្ជើញចូលរួមពិធីបុណ្យខួបនេះ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាវរោកាសដ៏ឧត្តុង្គឧត្តមនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនខ្មែរនៅតែចងចាំព្រះរាជបូនីយកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទាមទារឯករាជ្យជូនដល់ប្រជារាស្រ្ត និងមាតុភូមិខ្មែរ។
ទិវាបុណ្យឯករាជ្យជាតិលើកទី៧០ ក៏ត្រូវជាខួបលើកទី៧០ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ពិធីប្រចាំឆ្នាំទាំងពីរនេះ ត្រូវបានរៀបចំគឺដើម្បីរំលឹកដល់ព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់សម្តេចព្រះវររាជបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអាណាព្យាបាលបារាំង៕