Close

រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អង់គ្លេសបង្ហើបអំពីការបញ្ជូនទ័ពហ្វឹកហ្វឺនទៅកាន់ប្រទេសអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អង់គ្លេសបង្ហើបអំពីការបញ្ជូនទ័ពហ្វឹកហ្វឺនទៅកាន់ប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អង់គ្លេសបង្ហើបអំពីការបញ្ជូនទ័ពហ្វឹកហ្វឺនទៅកាន់ប្រទេសអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសដែលទើបឡើងកាន់តំណែង លោក Grant Shapps កាលពីចុងសប្តាហ៍កន្លងមកនេះបានធ្វើការអះអាងអំពីកិច្ចពិភាក្សារបស់លោកទៅលើកម្មវិធីបញ្ជូនកងកម្លាំងដឹកនាំដោយយោធាអង់គ្លេសទៅកាន់ប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រីបានបង្ហើបអំពីលទ្ធភាពក្នុងការបញ្ជូនគ្រូបង្កោលផ្នែកយោធារបស់អង់គ្លេសត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនឡើងវិញ ក៏ដូចជាផែនការក្នុងការផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងគៀវនូវការគាំទ្រកិច្ចការងារនៅក្នុងកងកម្លាំងទ័ពជើងទឹកតាមតំបន់មហាសមុទ្រខ្មៅផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពសម្រាប់ការហ្វឹកហ្វឺន Salisbury Plain លោករដ្ឋមន្ត្រីបាននិយាយថា ៖ ខ្ញុំបានពិភាក្សាវារួចរាល់ហើយដើម្បីធ្វើយ៉ាងណាអាចធ្វើឲ្យបាននូវការបញ្ជូនកងកម្លាំងយោធាអង់គ្លេសទៅបង្វឹកយោធារបស់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវកាលពីដើមសប្តាហ៍នេះ ប្រមុខការពារជាតិថ្មីដែលបានចូលកាន់តំណែងបន្ទាប់ពីការរុះរើរដ្ឋាភិបាលកាលពីមួយខែមុននោះបានបញ្ជាក់ប្រាប់ថា វាគឺជាឱកាសដើម្បីនាំយកអ្វីៗជាច្រើនទៀតទៅកាន់ប្រទេសអ៊ុយក្រែន។

លោក Shapps បានពន្យល់ថា មិនត្រឹមតែការហ្វឹកហ្វឺននៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងការផលិតអាវុធផងដែរ ដែលអាចក្លាយទៅជាផ្នែកមួយដ៏សំខាន់របស់ផែនការរបស់ខ្លួនដើម្បីធ្វើមូលដ្ឋានីយកម្មនៅក្នុងប្រទេសអ៊ុយក្រែន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky លោក Shapps ក៏បានរាយការណ៍ដែរថា កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេស ក៏អាចដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារការពារនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅក្នុងតំបន់ផងដែរ។

គួររំលឹកដែរថា យោធារបស់ប្រទេសអង់គ្លេសបានធ្វើប្រតិបត្តិការជាផ្លូវការមួយដើម្បីហ្វឹកហ្វឺន និងបំពាក់អាវុធដល់កងទ័ពអ៊ុយក្រែនចាប់ពីឆ្នាំ២០១៥មកម្ល៉េះប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរចេញពីប្រទេសនេះ។

ទោះបីជាយ៉ាងណាក្តី យោងតាមឧត្តមសេនីយ៍របស់អង់គ្លេសម្នាក់កាលពីពេលកន្លងមកនេះបានឲ្យដឹងថា កងម៉ារីនអង់គ្លេសបានចាប់ផ្តើមធ្វើប្រតិបត្តិការឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ប៉ុន្តែជាផ្លូវការទីក្រុងឡុងដ៍មិនដែលបានទទួលស្គាល់ថាមានវត្តមានឬប្រតិបត្តិការសំខាន់ណាមួយនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានកើតឡើងកាលពីក្នុងឆ្នាំ២០២២នោះទេ៕

អត្ថបទទាក់ទង