ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំកំពុងផ្តល់ស្នាមញញឹមដល់កសិករ
ភ្នំពេញ: ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ គឺជាប្រព័ន្ធធារាសាស្ត្រដែលកំពុងផ្ដល់ស្នាមញញឹមដល់កសិករដែលមានមូលដ្ឋាននៅក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រព័ន្ធធារាសាស្ត្រនេះ គឺស្ថិតក្រោមគម្រោងគ្រប់គ្រង កាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត មហាអនុតំបន់ទន្លេមេគង្គ ព្រមទាំងបានធ្វើទំនើបកម្មយ៉ាងរឹងមាំប្រកបដោយបរិយាបន្ន។
ប្រព័ន្ធធារាសាស្ត្រនេះ មានសមត្ថភាពរក្សាទឹកបានដល់ជាង ៨,២០លានម៉ែត្រគូប ដែលបម្រើការស្រោចស្រពលើផ្ទៃដីដាំដុះ ជាង ១៦,១០០ហិកតាក្នុងរដូវវស្សា និង ៦,០០០ហិកតាក្នុងរដូវប្រាំង ព្រមទាំងបម្រើដល់ការប្រើប្រាស់ប្រចាំដៃរបស់ប្រជាពលរដ្ឋជាង ២៨,០០០គ្រួសារ នៅក្នុងមូលដ្ឋានឃុំចំនួន៥ ក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ រួមមាន៖ ឃុំសំរោង ឃុំបាក់ចិញ្ចៀន ឃុំខ្នាទទឹង ឃុំផ្ទះរុង និងឃុំតាលោ។
ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី៣ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និងគោលដៅយុទ្ធសាស្ត្រទី១ នៅក្នុងបាវចនាទាំង៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន៕