ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនៃសមរាត្រី លើកំពូលប្រាសាទអង្គរឆ្នាំ២០២៣ បានមកដល់ទៀតហើយ
សៀមរាប : តាមការប្រកាសរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីលើកទី២នារដូវវស្សាឆ្នាំ២០២៣នេះ នឹងកើតមានឡើងនៅចន្លោះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង៥ ដល់៧ព្រឹក។
ក្រសួងទេសចរណ៍បានបន្តថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor ត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។
“ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor តែងតែកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ជាក់ស្ដែងក្នុង ឆ្នាំ២០២៣នេះ“ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី១ក្នុងខែមីនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៃពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
សូមគូសបញ្ជាក់ផងដែរថា ព្រះរាជពិធីប្រទានព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែម៏នា ឆ្នាំ២០២៣ ក្នុងកំឡុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទ អង្គរ-Equinox Angkor” ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ- សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក “ព្រឹត្តិការណ៍ សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor លើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០ នាទី ដល់ម៉ោង ៧០០ នាទីព្រឹក។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕