Close

រដ្ឋបាលសាលារាជធានីភ្នំពេញជូនដំណឹងពីការអបអរសាទរនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលសាលារាជធានីភ្នំពេញជូនដំណឹងពីការអបអរសាទរនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក រដ្ឋបាលសាលារាជធានីភ្នំពេញជូនដំណឹងពីការអបអរសាទរនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ រដ្ឋបាលរាជធានីភ្នំពេញ សូម ធ្វើការណែនាំ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន ។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធាធានីភ្នំពេញនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ សរសេរថា៖ «ត្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន នាវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណ សំខាន់ៗរួមមានទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ»។

សេចក្តីណែនាំនេះ បន្តថា៖ «គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចង់ទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។ ៣. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្ដែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

រដ្ឋបាលរាជធានីភ្នំពេញមានក្ដីសង្ឃឹមទុកជាមុនថាគ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ៖ ប្រកបដោយមោទកភាព និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន។

នៅក្នុងសារលិខិតចុះថ្ងៃទី១៧ កញ្ញានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមធ្វើការវាយស្គរ ទងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមអបអរសាទររមណីដ្ឋានប្រាសាទកោះកេរ របស់ប្រទេសកម្ពុជា ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្គូចុះបញ្ជីបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយ និងអធិកអធម។

សូមជម្រាបជូនថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ៕

អត្ថបទទាក់ទង