Close

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងធ្វើដំណើរទៅទីក្រុងប៉េកាំងនៅព្រឹកនេះ ដើម្បីពិនិត្យព្រះរាជសុខភាព

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងធ្វើដំណើរទៅទីក្រុងប៉េកាំងនៅព្រឹកនេះ ដើម្បីពិនិត្យព្រះរាជសុខភាព ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងធ្វើដំណើរទៅទីក្រុងប៉េកាំងនៅព្រឹកនេះ ដើម្បីពិនិត្យព្រះរាជសុខភាព

ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្តេចយាងធ្វើដំណើរទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២៨ ខែសីហានេះ.។

នៅក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនេះដែរ គេឃើញវត្តមាន ថា្នក់ដឹកនាំ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ រួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច ស ខេង និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា  លោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំនៃរាជរដ្ឋដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ជាច្រើនរូបផ្សេងទៀត បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

នៅក្នុងព្រះរាជសាររបស់ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជាផ្ញើជូនជនរួមជាតិ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ បានសរសេរថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព» ។

ព្រះរាជសារដដែលនេះបានសរសេរបន្តថា៖ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា »។

ព្រះរាជសារដដែលសរសេរបន្ថែមថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នឹងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមសម្តែងនូវអំណរព្រះគុណ និងអរគុណ ជាអនេកប្បការ» ៕

អត្ថបទទាក់ទង