វៀតណាម និងកោះតៃវ៉ាន់ អះអាងថា ចិនកំពុងសាងសង់ផ្លូវចុះចតយន្តហោះលើដែនជម្លោះសមុទ្រចិនខាងត្បូង
បរទេស ៖ ទាំងរដ្ឋាភិបាលទីក្រុងហាណូយ និងរដ្ឋាភិបាលទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់កាលពីថ្ងៃពុធម្សិលមិញនេះបានបញ្ជាក់ថា ចិនទំនងជាកំពុងសាងសង់ផ្លូវចុះចតយន្តហោះមួយកន្លែងនៅលើតំបន់មានជម្លោះដែនសមុទ្រចិនភាគខាងត្បូង។
ការដ្ឋានសំណង់ដែលវៀតណាម និងកោះតៃវ៉ាន់ជឿជាក់ថាចិនកំពុងធ្វើការងារនោះគឺស្ថិតនៅលើកោះ Triton នៅជាមួយនឹងបណ្តុំកោះសិប្បនិម្មិតចំនួន៧ដែលកន្លងមកត្រូវបានសាងសង់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
រូបភាពដែលបានផ្តល់ដោយផ្កាយរណបចេញពីមន្ទីរពិសោធន៍ Planet Labs PBC បានវិភាគថា សំណង់ផ្លូវចុះចតយន្តហោះរបស់ចិនមួយនេះត្រូវបានគេចាប់អារម្មណ៍ និងមើលឃើញដំបូងតាំងតែពីដើមខែសីហា ហើយអាចប៉ាន់ស្មានបានថាចំងាយដែលបានសាងសង់រួចរាល់នៅពេលនេះមានប្រមាណជា៦០០ម៉ែត្រមកហើយដែលវាគ្រប់គ្រាន់ក្នុងការចុះចតយន្តហោះយោធាមួយចំនួនព្រមទាំងយន្តហោះដ្រូនផងដែរ ប៉ុន្តែមិនអាចសម្រាប់ការចុះចតនៃយន្តហោះចម្បាំងទំនើប និងយន្តហោះទំលាក់គ្រាប់បែកនៅឡើយ។
យ៉ាងណាក៏ដោយ ទោះបីជាសហរដ្ឋអាមេរិកមិនមានជំហរខ្លាំងក្លាចំពោះការទាមទារអធិបតេយ្យភាពនៅលើដែនសមុទ្រចិនខាងត្បូងនោះក្តី ប៉ុន្តែកន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតែងតែបានបញ្ជូននាវាកងទ័ពជើងទឹកជាទៀងទាត់ដោយឈរលើគោលការណ៍សេរីភាពនៃប្រតិបត្តិការនាវាចរណ៍ទៅជិតកោះដែលកាន់កាប់ដោយចិនទ ខណៈដែលកោះ Triton គឺជាគោលដៅនៃបេសកកម្មមួយក្នុងចំណោមបេសកកម្មផ្សេងទៀតតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ។
ប្រទេសចិនមកទល់ពេលនេះតែងតែបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីផែនការ និងគម្រោងនៃការងារសាងសង់កោះរបស់ខ្លួនឡើយ ក្រៅពីនិយាយថា គោលបំណងរបស់ខ្លួនគឺដើម្បីជួយដល់សុវត្ថិភាពនាវាចរណ៍ពិភពលោកប៉ុណ្ណោះ។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានច្រានចោលការចោទប្រកាន់ថាខ្លួនកំពុងរៀបចំសាងសង់មូលដ្ឋានយោធាលើផ្លូវទឹកដ៏សំខាន់នេះដែលតាមរយៈការប៉ាន់ប្រមាណថាទំហំពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ឆ្នាំអាចមានរហូតទៅដល់៥ទ្រីលានដុល្លារ៕