Close

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ

សៀមរាប ៖ បើមិនមានអ្វីប្រែប្រួលនោះទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងចាប់ផ្តើមដំណើរការហោះហើរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ហើយនឹងក្លាយជាកម្លាំងជំរុញអ្នកទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការហោះហើរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ហើយឯកឧត្តមរំពឹងថា អាកាសយានដ្ឋាននឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា  ជាពិសេសវិស័យទេសចរណ៍។

ឯកឧត្តមបន្តថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយ:ពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២,៤៨០,០៣២នាក់ កើនឡើង២៧០% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤,៧២៥ជើង កើនឡើង១៤៨% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២។

ឯកឧត្តមបន្ថែមថា  ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ព្រមទាំងចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។ យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩។

នាឱកាសនោះដែរ ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោកLU Wei បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិធុនធំ និងជាទីកន្លែងទេសចរណ៍ដ៏ប្រណិត។ អាកាសយានដ្ឋាននេះនឹងជំរុញការអភិវឌ្ឍន៏អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា បង្កើនទំនាក់ទំនង់រវាង ប្រទេសចិន និងប្រទេសកម្ពុជា ហើយជំរុញការអភិវឌ្ឍន៏វិស័យទេសចរណ៍កាន់តែមានសន្ទុះខ្លាំងជាងមុន។

លោកLU Wei បន្ថែមថា ជាមួយគ្នានេះ អាកាសយានដ្ឋានថ្មីនេះបានរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍន៏វិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយុទ្ធស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធស្ត្រ “ចតុកោណ” របស់កម្ពុជាផងដែរ ហើយវាក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន និងជាលទ្ធផលការសហការកម្ពុជា-ចិនផងដែរ។

លោកសង្កត់ធ្ងន់ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ មានទំហំដី៧០០ហិកតា ដែលមានស្ដង់ដា កម្រិត៤៕

អត្ថបទទាក់ទង