Close

ក្រុមមេធាវីរាជរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមមេធាវីរាជរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ក្រុមមេធាវីរាជរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ

ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ចីបោះឆ្នោត ចេញទៅបោះឆ្នោតតាមឆន្ទៈ របស់ខ្លួន ព្រមទាំងជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់គ្នា និងកុំចាញ់បោក និងការញុះញង់ពីក្រុមប្រឆាំង  ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសកម្ពុជា ។

សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលចុះថ្ងៃទី ៩ ខែកក្កដា ឱ្យដឹងថា  កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បាន ចេញព្រះរាជសារជម្រាបជូនជនរួមជាតិខ្មែរ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

សេចក្តីថ្លែងការណ៍នេះបន្តថា អង្គព្រះមហាក្សត្រ ទ្រង់បានអំពាវនាវឱ្យជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បី ការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ ។ ការបោះឆ្នោតគឺជាផ្នែកមួយមិនអាចខ្វះបាន នៅក្នុងប្រទេសមានសន្តិភាព និងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើសិទ្ធិសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាងនិងថ្នាក់ដឹកនាំ ដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត ពីក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីប្រកួត ប្រជែង ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ។

សេចក្តីថ្លែងការណ៍ដដែលនេះ បញ្ជាក់ថា ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជា ពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់ អង្គព្រះមហាឈុត ។

ក្រុមមេធាវីរាជរដ្ឋាភិបាលបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអំពើណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវរងការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងការដកសិទ្ធិ ឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ផ្សេងទៀត ។

ក្រុមមេធាវីរាជរដ្ឋាភិបាលបានអំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយ ចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា តាមច្បាប់ជាធរមាន ៕


អត្ថបទទាក់ទង