Close

កម្ពុជាមានភាពអនុគ្រោះខ្លាំងសម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាមានភាពអនុគ្រោះខ្លាំងសម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ កម្ពុជាមានភាពអនុគ្រោះខ្លាំងសម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ

ភ្នំពេញ ៖ អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ បានលើកឡើងថា កម្ពុជាមានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ ខណៈកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េជាម្ចាស់ភាគហ៊ុន 100% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីសប្តាហ៍មុន។

លោក ម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា លោក បណ្ឌិត អូ មីយុង បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកព្រះរាជាណាចក្រកម្ពុជា កាលពី ១០ឆ្នាំមុន ហើយនៅពេលនេះ លោកបានសង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អូ មីយុង ក៏បានជម្រាបជូនសម្ដេចតេជោ ថា លោក បានសង្កេតឃើញថា កម្ពុជា មានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ នោះគឺកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត អូ មីយុង ដែលបានវាយតម្លៃអំពីស្ថានភាពនៅកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា ជាការពិតណាស់ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ ។ អ្វីដែលលោកបណ្ឌិត អូ បានលើកឡើង គឺជាការពិត កម្ពុជា មានស្ថានភាពអំណោយផល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យលោកបណ្ឌិត អូ មីយុង និងប្រតិភូទាំងមូល ជួយធ្វើការផ្សព្វផ្សាយ សូមឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម លើកត្តាអំណោយផល ដូចបានជម្រាបជូនខាងលើនោះ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន 100% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។

ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជា៖ ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឯកឧត្តម និងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ ៕

អត្ថបទទាក់ទង