សេអ៊ូល បដិសេធដំណឹងនៃការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន
បរទេស ៖ក្រោយមានលេចឭនូវដំណឹងជាច្រើនថារដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងធ្វើការផ្គត់ផ្គង់អាវុធដែលមានតម្លៃដល់ទៅរាប់រយលានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែនរួចមកនោះក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញមកធ្វើការបដិសេធនូវព័ត៌មាននេះទាំងស្រុង។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Lee Jong Sup មិនដែលមានជំនួបពិភាក្សាណាមួយជាមួយនឹងលោកប្រធានផ្នែកកិច្ចការនយោបាយការបរទេសរបស់អឺរ៉ុប Josep Borrell ដូចដែលលោក Borrell បានលើកឡើងកាលពីថ្ងៃអាទិត្យនោះឡើយ។
លោក Borrell បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ហើយក្រោយមកក៏បានលប់ទៅវិញថាលោកបានពិភាក្សាគ្នាជាមួយនឹងលោក Lee នៅក្នុងជំនួបពិភាក្សាដ៏គួរឲ្យកត់សំគាល់មួយនាប្រទេសសិង្ហបុរីស្តីអំពីបញ្ហានៃការបង្កហេតុរបស់កូរ៉េខាងជើងផងនិងក៏ដូចជាផែនការជួយផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនផង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធទាំងស្រុងចំពោះសេចក្តីប្រកាសដោយលោក Borrell ហើយអះអាងថាវាគឺជាព័ត៌មានមិនពិតឡើយដែលថាលោក Lee Jong Sup បានជួបពិភាក្សាគ្នាជាមួយនឹងលោក Borrell ទៅលើផែនការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីជម្លោះនៅអ៊ុយក្រែនបានកើតឡើងកាលពីខែកុម្ភៈឆ្នាំ២០២២មកប្រទេសកូរ៉េខាងត្បូងមិនដែលបានផ្គត់ផ្គង់អាវុធណាឡើយទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវក្រៅតែពីជំនួយជាហិរញ្ញវត្ថុនិងជំនួយមនុស្សដែលមានតម្លៃរាប់រយលានដុល្លារ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីកាលពីចុងខែមេសាកន្លងមកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបង្ហើបថាកូរ៉េខាងត្បូងអាចនឹងធ្វើការផ្លាស់ប្តូរការសម្រេចចិត្តឡើងវិញចំពោះបញ្ហានេះប្រសិនបើជម្លោះនៅអ៊ុយក្រែននឹងប្រែប្តូររូបរាងទៅជាសង្គ្រាមបង្ហហិង្សារដែលផ្ទុយពីច្បាប់នៃការធ្វើសង្គ្រាម៕