សម្តេច ហ៊ុន សែន ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច និងប្រកាសបញ្ចុះតម្លៃ ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសថា រដ្ឋាភិបាលជាអ្នកទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច និងប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវនោះទេ។ ហើយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញពាក្យស្លោកថ្មី ដើម្បីលើកកម្ពស់ការផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ដោយសម្តេចបានបញ្ជាក់ថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីលើកមុន សម្តេចបានដាក់ពាក្យស្លោកមួយហើយគឺ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត» ចំណែកនៅឆ្នាំនេះ សម្តេចបានដាក់ពាក្យស្លោកមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដែលការដាក់នូវពាក្យស្លោកនេះ ដោយសារតែកន្លងមក មានសាររព័ត៌មានមួយចំនួន ឬក្រុមប្រឆាំង តែងតែផ្សាយនូវព័ត៌មានប្រឌិត ដើម្បីបំភ្លៃឬវាយប្រហារសម្តេច។
សម្តេចបានបន្ថែមទៀតថា «កាលមុនខ្ញុំបានដាក់ថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត ហើយឥលូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។ អ៊ីចឹងយើងមានពាក្យស្លោក…ត្រូវចាំ ព្រោះជួនកាលអាងតែខ្លូនមានហ្វេសប៊ុក ទូរសព្ទតែមួយគ្រឿង ផ្សាយទៅជេរគេជេរឯង ប្រម៉ាថគេ ប្រម៉ាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីប៉ាដោយ ឯលើកនេះ គឺខ្ញុំចង់ចេញសារមួយទៀត ដាក់ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។
សម្តេចបានថ្លែងយ៉ាងដូច្នេះដែរថា មន្ត្រីដែលរករឿងអ្នកកាសែត ដោយសារសរសេរកាត់គោរមងារ សូមឈប់ផ្សាយឱ្យគាត់ទៅ។ សម្តេចក៏បានជំរុញឱ្យក្រសួងព័ត៌មានពន្លឿន ចេញច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានក្នុងអាណត្តិទី៧។ ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ស្នើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា៕