Close

រដ្ឋមន្ត្រីក្រសួងសាធារណៈការ ៖ គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ ភាគច្រើនកើតចេញពីកត្តាមនុស្ស

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណៈការ ៖ គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ ភាគច្រើនកើតចេញពីកត្តាមនុស្ស រដ្ឋមន្ត្រីក្រសួងសាធារណៈការ ៖ គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ ភាគច្រើនកើតចេញពីកត្តាមនុស្ស

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានាពេល​បច្ចុប្បន្ននេះ ភាគច្រើនគឺកើត​ចេញ​​ពីកត្តាមនុស្សដែលជាអ្នកបើកបរ ទាំងការបើកបរដោយបំពានច្បាប់អាទិភាព បើកបរក្នុងស្ថានភាពស្រវឹងជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្តរី្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធី​សម្ពោធ​បើកឱ្យប្រើ​ប្រាស់ជាផ្លូវ​ការ​​មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខា​សំរោងអណ្តែតបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ ប្រហែលជា៥នាក់ស្លាប់ ក្នុងមួយថ្ងៃ របួស១០ ទៅ១៥នាក់ក្នុងមួយថ្ងៃ។ ក្នុងនោះមានកត្តាមនុស្សភាគច្រើនគឺបើកហួសល្បឿន កំណត់ដោយច្បាប់ វាជែងមិនបានមើលត្រឹមត្រូវ ​ប្រើគ្រឿងស្រវឹង ប្រើគ្រឿងញៀន ជិះម៉ូតូអត់ពាក់មួក សុវត្ថិភាព បើកឡានមិនពាក់ខ្សែក្រវាត់។

ឯកឧត្តមបន្តថា ក្នុងនោះក៏មានកត្តាយាន្ដយន្ដខុសបច្ចេកទេស និងកត្តាផ្លាកសញ្ញាតាមដងផ្លូវមិនគ្រប់ គ្រាន់ផងដែរ ហើយក្រសួងក៏កំពុងពិនិត្យមើលដើម្បីរៀបចំឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ប៉ុន្តែយ៉ាងណា ឯកឧត្តមសង្កត់ធ្ងន់ថា មានតែកត្តាមនុស្សនេះហើយដែលជាចំណែកធំជាងគេ។

ដោយហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានសំណូមពរដល់អ្នកបើកបរគ្រប់រូបឲ្យចូលឆៀកយានយន្ដ ក៏ដូចជាបន្តពន្យា​ប័ណ្ណបើកបរ ព្រោះបើយានយន្ដមិនគ្រប់លក្ខណៈបច្ចេកទេសនោះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍កាន់តែច្រើនទៅៗ៕

អត្ថបទទាក់ទង