សម្ដេចតេជោ ៖ ពិភពលោកស្គាល់យើងតាមរយៈការនាំចេញផលិតផលកសិកម្ម ហើយគេនឹងស្គាល់យើងកាន់តែច្បាស់តាមរយៈស៊ីហ្គេម
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងអំពីសក្កានុពលរបស់កម្ពុជា ចំពោះវិស័យកសិកម្មនាពេលកន្លងមក។ ក្នុងនោះ ការនាំចេញកសិផលនានា ប្រៀបបីដូចជាការណែនាំខ្លួនកម្ពុជាទៅកាន់ពិភពលោកដូច្នោះដែរ។
សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «គេស្គាល់ខ្មែរតាមរយៈ ទី១- អង្ករខ្មែរកំពុងនាំចេញទៅ ៧៣ប្រទេសយ៉ាងតិច ព្រោះអ្នកទទួលទាន គេមុខជាសួរហើយថាអង្ករហ្នឹងមកពីណា? អីចឹងអង្ករយើងបានចេញទៅ៧៣ប្រទេស»។
សម្ដេចតេជោបន្តថា ៖ «ជាមួយគ្នានោះដែរ ស្វាយចន្ទីរបស់យើង ក៏កំពុងចេញទៅតាមទីផ្សារនានា ដែលគេស្គាល់ខ្មែរតាមរយៈស្វាយចន្ទី ហើយនៅមានផលិតផលផ្សេងទៀត ដែលគេស្គាល់ខ្មែរតាមរយៈផលិតផល ដូចជា ម្រេច មានម្រេចកំពត ម្រេចរតនគិរី មានទៅតាមលក្ខណៈភូមិសាស្ត្រ»។
យ៉ាងណាមិញ សម្ដេចតេជោ ក៏បានលើកឡើងពីស្ថានភាពកម្ពុជាពេលនេះ ដែលបានប្រែក្លាយពីសង្រ្គាមបែកបាក់ មកកាន់កម្ពុជាដែលមានសន្តិភាព ពីកម្ពុជាដែលមានលក្ខណៈអន់ថយ មកកាន់កម្ពុជាដែលងើបឈរឡើងវិញ ទោះបីមិនទាន់មាន ក៏ប៉ុន្តែកម្ពុជាគ្មានវិបត្តិម្ហូបអាហារ និងស្បៀងនោះទេ។
ក្រៅតែពីសក្កានុពលផ្នែកកសិកម្មនេះទៅ កម្ពុជាក៏កំពុងតែពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀតផងដែរ។ ក្នុងនោះ ព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំនេះ ដែលកម្ពុជាជាម្ចាស់ផ្ទះ បានសម្រេចមិនយកប្រាក់ពីកីឡាករ កីឡាការិនី និងប្រតិភូកីឡា ដែលវាផ្ទុយស្រឡះពីលក្ខន្តិកៈរបស់ប្រទេសផ្សេងៗ។ ប៉ុន្តែយ៉ាងណា នេះគឺជាជំហានមួយសំដៅទៅរកការពង្រីកកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច តែបេះដូងធំ»។ ជាក់ស្ដែងដូចជាកាលពីពេលកន្លងទៅ ដែលកម្ពុជាអនុញ្ញាតឲ្យនាវាវេស្ទឺដាម ចូលចត គឺជាសកម្មភាពមនុស្សធម៌មួយ ដែលត្រូវបានពិភពលោកសាទរ និងចងចាំ ហើយកម្ពុជានឹងបន្តធ្វើសកម្មភាពទាំងនេះតទៀត ដើម្បីផ្សព្វផ្សាយពីទឹកចិត្តប្រជាជនកម្ពុជា ក៏ដូចជាធ្វើឲ្យពិភពលោកបានយល់ដឹងពីកម្ពុជា៕