ដ្រូនផលិតនៅអាមេរិកវាយប្រហារចូលដល់ទឹកដីរុស្ស៊ីជាលើកដំបូង
បរទេស ៖ យន្តហោះដ្រូនប្រយុទ្ធម៉ូឌែល Switchblade UAV ដែលគេស្គាល់ថាជាផលិតផលនៅក្នុងប្រទេសអាមេរិក និងត្រូវបានផ្គត់ផ្គង់ឲ្យប្រទេសអ៊ុយក្រែននាពេលកន្លងមកនោះត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារចូលទៅដល់ទឹកដីប្រទេសរុស្ស៊ីជាលើកដំបូង។
យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានបរទេសមួយចំនួនដែលរួមមានទាំង Mash និង SHOT ផងកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងទ័ពអ៊ុយក្រែនបានធ្វើការប្រើប្រាស់យន្តហោះដ្រូន UAV នេះដើម្បីវាយប្រហារចូលទៅដល់ទឹកដីរបស់រុស្ស៊ីជាលើកដំបូងទោះបីជាលទ្ធផលមិនសូវល្អប្រសើរក្តី។
យន្តហោះដ្រូនប្រភេទនេះត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក AeroVironment ហើយតាមការអះអាងវាអាចហោះចូលក្នុងដែនអាកាសរបស់ប្រទេសរុស្ស៊ីបានបន្តិចប៉ុណ្ណោះក្នុងតំបន់ Belgorod ដែលស្ថិតនៅក្បែរព្រំដែនរវាងប្រទេសទាំងពីរ។
Switchblade UAV បានធ្លាក់ក្នុងចំងាយត្រឹមតែ៥០០ម៉ែត្រប៉ុណ្ណោះពីបន្ទាត់ព្រំដែន ប៉ុន្តែជឿជាក់មិនបង្កការខូចខាត ឬប៉ះពាល់ និងមានអ្នកស្លាប់បាត់បង់ជីវិត ឬរបួសដល់អ្នកណាម្នាក់នៅក្នុងតំបន់នោះទេ។
រំលឹកដែរថា កន្លងមកអាមេរិកបានផ្គត់ផ្គង់អ៊ុយក្រែននូវយន្តហោះដ្រូនប្រមាណជា៧០០គ្រឿងម៉ូឌែល Switchblade និងប្រមាណជា ១,៨០០គ្រឿងម៉ូឌែល Phoenix Ghost Kamikaze ដែលដ្រូនទាំងនោះអាចមានទំងន់ចាប់ពី១៥គីឡូក្រាមឡើងទៅ និងមានប្រវែងចន្លោះពី០,៤៩ម៉ែត្រទៅដល់ ១,៣ម៉ែត្រអាស្រ័យនឹងការបំពាក់មុខងាររបស់វានីមួយៗ៕