ប្រតិភូកីឡាសរុបចំនួន ១២,៤០៤នាក់ មកពី ១១ប្រទេស បានចុះឈ្មោះចូលរួមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ៖ ការចុះឈ្មោះប្រតិភូកីឡានៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅដោយក្នុងនោះមានប្រតិភូកីឡាសរុបចំនួន ១២,៤០៤នាក់ មកពី ១១ប្រទេស ខណៈប្រតិភូកីឡាម្ចាស់ផ្ទះកម្ពុជា មានចំនួន ១១៥៨នាក់។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក្នុងឱកាសទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ឯកឧត្តមបណ្ឌិតបានបង្ហាញរបាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីវឌ្ឍនភាពនៃដំណើការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់ម្ចាស់ផ្ទះកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ថា ប្រភេទកីឡា ៣៧ ដែលមានវិញ្ញាសាប្រកួត ៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ និងប្រភេទកីឡា ១៣ ដែលមានវិញ្ញាសាប្រកួត ៤៣១ ត្រូវបានអនុម័តដោយសហព័ន្ធកីឡាជនពិការអាស៊ាន។ រីឯទីលានប្រកួត និងកម្មវិធីប្រកួតក៏បានកំណត់រួចរាល់ផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ប្រតិភូកីឡាទាំង១១ប្រទេស ដែលបានចុះឈ្មោះមានចំនួន ១២,៤០៤ នាក់ ក្នុងនោះ ១-ប្រតិភូកីឡាកម្ពុជា ចំនួន ១១៥៨ នាក់, ២-ប្រតិភូកីឡាប៊្រុយណេ ចំនួន ១១៣នាក់, ៣-ប្រតិភូកីឡាឥណ្ឌូនេស៊ី ចំនួន ១៨០២នាក់, ៤-ប្រតិភូកីឡាឡាវ ចំនួន ៦៥៦នាក់, ៥-ប្រតិភូកីឡាម៉ាឡេស៊ី ចំនួន ១៥៣២នាក់, ៦-ប្រតិភូកីឡាមីយ៉ាន់ម៉ា ចំនួន ៦៩៤នាក់, ៧-ប្រតិភូកីឡាហ្វីលីពីន ចំនួន ១៣៤២នាក់, ៨-ប្រតិភូកីឡាសឹង្ហបូរី ចំនួន ១២២៨នាក់, ៩-ប្រតិភូកីឡាថៃ ចំនួន ១៩៨៥នាក់, ១០-ប្រតិភូកីឡាទីម័រខាងកើត ចំនួន ១៧១នាក់ និង១១-ប្រតិភូកីឡាវៀតណាម ចំនួន ១៦៦៣នាក់៕