រុស្សី-បេឡារូសកំណត់បានទីតាំងសម្រាប់បញ្ឈរក្បាលគ្រាប់នុយក្លេអ៊ែរ
បរទេស ៖ ក្រោយការប្រកាសថានឹងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Tactical nuclear នៅក្នុងប្រទេសបេឡារូសហើយនោះ នៅថ្ងៃនេះ រុស្ស៊ីបានប្រកាសអំពីទីតាំងច្បាស់លាស់ដែលនឹងត្រូវបញ្ឈរគ្រាប់ទាំងនោះហើយ។
តាមការបញ្ជាក់ដោយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសបេឡារូស លោក Boris Grizlov បានឲ្យដឹងថារុស្ស៊ីបានកំណត់យកទីតាំងនៅតំបន់ភាគខាងលិចនៃព្រំដែនរបស់ប្រទេសបេឡារូសគឺជាគោលដៅសម្រាប់រៀបចំកិច្ចការងារនេះ។
លោក Grizlov បានពោលបែបនេះថា៖អាវុធទាំងនោះនឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ព្រំដែនភាគខាងលិចនៃប្រទេសបេឡារូសដើម្បីអាចពង្រឹងសមត្ថភាពការពារ ហើយកិច្ចការងារនេះនឹងត្រូវតែធ្វើឲ្យបានដាច់ខាតទោះបីជាមានការមិនសប្បាយចិត្តពីសំណាក់អឺរ៉ុបនិងអាមេរិកក្តី។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះបានបន្តទៀតថា៖រុស្ស៊ី និងបេឡារូសគឺជាប្រទេសម្ព័ន្ធមិត្តនិងជាប្រទេសស្របច្បាប់ ដូច្នេះមិនខុសពីអ្វីដែលអាមេរិកធ្លាប់បានធ្វើទៅជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនដោយបានដាក់ពង្រាយនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីតាលី, ប៊ែលហ្សិក, ហូឡង់, អាល្លឺម៉ង់ និងតួគីនោះទេ។
គួរឲ្យដឹងដែរថា តាមផែនការគ្រាប់ក្បាលនុយក្លេអ៊ែរជាច្រើនគ្រាប់នឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសបេឡារូសខណៈដែលទីតាំងស្តុកគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសមួយនេះនឹងត្រូវរៀបចំសាងសង់រួចរាល់នៅត្រឹមថ្ងៃទី១ខែកក្កដាជាកំហិត៕