រដ្ឋាភិបាលសម្រេចកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានសមរម្យ» ថ្មី
ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានសមរម្យ» ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ ។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គោលនយោបាយថ្មីនេះ ជាការធ្វើបច្ចុប្បន្នកម្ម ជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការេបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧ » ។

« គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ »ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋានឆ្នាំ ២០១៤ និងធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់ប្រជាជន។
គោលនយោបាយថ្មីនេះ មានគោលបំណង៖ ១ ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដដែលមានចំណូឡកម្រិតទាប មធ្យម និងក្រុមងារយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាតក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និងអ្នកធ្វើចំណាកស្រុក និង២ ជំរុការអភិវឌ្ឍនគរូបនីយកម្ម។

ដើម្បីសម្រេចគោលបំណងខាងលើ សេចក្តីព្រាងគោលនយោបាយ នេះ បានបញ្ចូលនូវទិដ្ឋភាពថ្មី ចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយឆ្នាំ ២០២៧ រួមមាន៖ ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល តាមរយៈការលើកកម្កល់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ។ ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ។ ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអថិតិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗ ឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និងការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។

ទន្ទឹមនេះ ដើម្បីធានាបាននូវប្រសិទ្ធិភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និងជួល) ។ គោលនយោបាយថ្មីនេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី ធម្យម និងវែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្តល់យោបល់កែលម្អជាបន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលបានខិតខំដឹកនាំធ្វើការសិក្សា និងកែសម្រួលនាពេលកន្លងមក ដែលធ្វើឱ្យសេក្តីព្រាងនៃឯកសារ «គោលនយោបាយថ្មី»នេះ កាត់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័ត នាពេលឆាប់ៗខាងមុខ៕
