Close

តោះ ! ស្វែងយល់ពីដំណើរការ នៃការប្រទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
តោះ ! ស្វែងយល់ពីដំណើរការ នៃការប្រទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា តោះ ! ស្វែងយល់ពីដំណើរការ នៃការប្រទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជានៅសល់ត្រឹមតែ ៤៤ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវដល់ពេលវេលា ប្រារព្ធព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហើយ។

ខណៈដែលពេលវេលានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក៏កាន់តែខិតចូលមកដល់ នាព្រឹកថ្ងៃទី២១មីនានេះ ព្រះរាជពិធីប្រទានព្រះអគ្គីជ័យកីឡា ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត នាខេត្តសៀមរាប។

នាថ្ងៃដដែលនេះផងដែរ អត្តពលិកពីររូបគឺ កីឡាការនី វិត ចន្ថា ជាកីឡាការិនីឆ្នើមផ្នែកលោតចម្ងាយ និងកីឡាករ វ៉ា មិថុនា ជាកីឡាករឆ្នើមផ្នែកតៃក្វាន់ដូរ នឹងទៅទទួលព្រះរាជទានពីព្រះមហាក្សត្រ អមដោយអត្តពលិក កីឡាករ កីឡាការិនីប្រមាណជា១០០រូបទៀត ដើម្បីកាន់ភ្លើងគប់ រត់ដង្ហែរជុំវិញវង់តូចនៃប្រសាទអង្គរវត្ត ដែលមានចំងាយ ១៨គីឡូ និង៣០០ម៉ែត្រ ហើយនាំយកនូវ ព្រះអគ្គីជ័យកីឡាទៅតម្កល់នៅព្រះវិហារវត្តរាជបូណ៍។

ការរត់ដង្ហែរព្រះអគ្គីជ័យកីឡា នឹងត្រូវចាប់ផ្ដើម ចេញពីកន្លែងប្រារព្ធពិធីនៅមុខប្រាសាទអង្ករវត្ត ដោយចេញទៅតាមមុខប្រាសាទអង្គរវត្ត ទៅទិសខាងត្បូង (ទិសទក្សិណ) តាមទិសដៅទៅផ្លូវខាងក្រោយនៃប្រាសាទអង្គរវត្ត ឆ្ពោះទៅប្រាសាទក្រវ៉ាន់ និងប្រាសាទបន្ទាយក្ដី។ ពេលដល់ប្រាសាទបន្ទាយក្ដី ការរត់ដង្ហែរត្រូវបត់ឆ្វេងឆ្ពោះទៅប្រាសាទតាកែវ កាត់តាមប្រាសាទតាព្រហ្ម បន្ទាប់មកបន្តទៅកាន់ព្រះលានជល់ដំរី ហើយបន្តឆ្ពោះទៅប្រាសាទបាយ័ន្ដ បត់ស្ដាំវង់ប្រាសាទបាយ័ន្ដតម្រង់ទៅក្លោងទ្វារទន្លេអុំ កាត់តាមប្រសាទបក្សីចាំក្រុង ឆ្ពោះមកកាន់ប្រាសាទអង្គរវត្ត និងបញ្ចប់នៅកន្លែងប្រារព្ធពិធីដែលជាទីចាប់ផ្ដើមនៃការដង្ហែរ។

បន្ទាប់ពីព្រះរាជពិធីដង្ហែរព្រះអគ្គីជ័យកីឡាក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តិទៅរួចរាល់អស់នាថ្ងៃទី២២ ខែមីនា ព្រះអគ្គីជ័យនេះនឹងត្រូវដង្ហែរទៅតាមប្រទេសនានានៅក្នុងតំបន់អាស៊ាន ហើយនឹងវិលជុំ ចូលមកកម្ពុជាវិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខ។

បន្ទាប់ពីមកដល់ប្រទេសដែលជាម្ចាស់ផ្ទះប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ហើយ ព្រះអគ្គីជ័យកីឡាដដែលនេះ នឹងត្រូវដង្ហែរតាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង។ ការដង្ហែរនេះ នឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង។

គួរឱ្យដឹងថា នៅក្នុងសម័យក្រិចបុរាណ ការសុំព្រះអគ្គីជ័យកីឡាពីព្រះអាទិទេពនេះត្រូវបានប្រារព្ធឡើងតាមរយៈ ការដាក់ចំណាំងផ្លាតពន្លឺព្រះអាទិត្យ បាញ់មកលើស្លឹកអូលីវស្ងួត រហូតបង្កាត់បានជាអណ្ដាតភ្លើងឡើង។ ព្រះអគ្គីជ័យកីឡា ត្រូវបានចម្លងចេញពីអគ្គីអាទិទេពនេះ នាំចម្លងចេញទៅបំភ្លឺនៅកន្លែង ប្រកួត ដោយរក្សាមិនឱ្យរលត់ឡើយ រហូតដល់ការប្រកួតកីឡានៅសម័យនោះត្រូវបានបញ្ចប់។ ដូចគ្នានឹងសម័យបច្ចុប្បន្ន គឺអគ្គីជ័យកីឡាមិនត្រូវឱ្យរលត់ឡើយ ត្រូវតែឆេះយ៉ាងល្អរហូតដល់ថ្ងៃប្រារព្ធប្រកួត។

យ៉ាងណាមិញ បន្ទាប់ពីកប់អស់ជាច្រើនឆ្នាំ ទស្សនៈទានអគ្គីជ័យកីឡាអូឡាំពិកថ្មី ត្រូវបានបង្កើតឡើង ដោយយកលំនាំតាមសម័យក្រិចបុរាណ។ ពិធីសុំព្រះអាទិទេពកីឡានៅភ្នំអូឡាំព្យា ត្រូវបានប្រារព្ធឡើង រួចដង្ហែរមកកាន់កន្លែងប្រារព្ធពិធីបើកកីឡាអូឡាំពិក។ ព្រះអគីកីឡាអូឡាំពិកបានក្លាយទៅជានិមិត្ត សញ្ញារបស់គណកម្មាធិការអូឡាំពិកអន្តរជាតិ ដែលដំណាងឱ្យនិរន្តរភាពរវាងកីឡាសម័យទំនើប និងកីឡាសម័យបុរាណ៕

អត្ថបទទាក់ទង